ទេសចរណ៍

វិស័យរដ្ឋ និងឯកជនជួបប្រជុំគ្នាពិភាក្សាជំរុញទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិ

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ តំណាងសភាពាណិជ្ជកម្មកម្ពុជា រួមជាមួយនឹង ក្រុម​ការងារ “ផ្នែកទេសចរណ៍” ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងកិច្ច​​ប្រជុំ​ក្រុមប្រឹក្សាភិបាល​សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍។ 

ពីវិស័យឯកជនឯណោះ អ្នកឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជ​កម្មកម្ពុជា គឺជា​តំណាងអ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជកម្មកម្ពុជា និងជា​ប្រធាន​សម្រប​សម្រួលក្រុមការងារទាំង១៦​ផ្នែកឯកជន ព្រមទាំងជា​សមាជិក​នៃក្រុមប្រឹក្សាភិបាល​សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ)។

ក្រៅពីនោះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងទេសចរណ៍ តំណាងសមាគម​ឧកញ៉ាកម្ពុជា តំណាងក្រុមហ៊ុនអាកាសចរណ៍ និងសមាជិក សមាជិកានៃ ក.ផ.ផ ជាច្រើនទៀត​ផងដែរ។ 

យ៉ាងណាមិញ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ តាមដានវឌ្ឍនភាពការងារ និងពិភាក្សា​លើឯកសារសំខាន់ៗ​របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា​ដែល​រួមមាន៖ សេចក្តី​ព្រាង​លក្ខន្តិកៈរបស់ ក.ផ.ផ សេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងរបស់ ក.ផ.ផ  ប្រភពធន​ធាន​​ទ្រទ្រង់ដល់ដំណើរការនៃការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក.ផ.ផ និងបញ្ហាមួយចំនួនផ្សេង​ទៀតផងដែរ។

គួររំលឹកថា រដ្ឋាភិបាលកម្ពុជាបានសម្រេចជាផ្លូវការនូវសមាសភាពក្រុមប្រឹក្សាភិបាលសិក្សា​ទីផ្សារ​និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្នុងការ​សិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់​ទីផ្សារអន្តរ​ជាតិ​សំដៅ​ទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀតមកកាន់កម្ពុជា។​

បើយោងតាមក្រសួងទេសចរណ៍ ការតែងតាំងសមាសភាពនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល​បានដាក់ចេញអនុក្រឹត្យស្តីពី “ការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា” កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ​ភាពជាដៃគូរវាងផ្នែកសាធារណៈនិងផ្នែកឯកជន ដើម្បីសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍​កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដោយឈរលើគោលការណ៍រួមគិត រួមធ្វើ និងឆន្ទៈម្ចាស់ការ។

យ៉ាងណាមិញ សមាសភាពក្រុមប្រឹក្សាភិបាលនេះមានតំណាងមកពីស្ថាប័នសាធារណៈសំខាន់ៗ​ចំនួន ៨ ដែលមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន និងតំណាងពីផ្នែកឯកជន​ចំនួន៧ ស្ថាប័នទៀត ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា។

ការសហការគ្នារវាងសមាសភាពស្ថាប័នរដ្ឋ និងឯកជននេះ ជា​ការចូលរួមយ៉ាងពេញលេញក្នុងការ​ បង្កើនភាពទាក់ទាញនិងភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងដាក់ចេញនូវដំណោះ ស្រាយជា​កញ្ចប់ចំពោះរាល់បញ្ហាប្រឈមនានាក្នុងវិស័យទេសចរណ៍ ជាមួយនឹងគោលដៅច្បាស់លាស់ក្នុងការ អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា៕

អត្ថបទពាក់ព័ន្ធ

Back to top button