ព័ត៌មានជាតិ

វិស័យសន្តិសុខ កម្ពុជា-វៀតណាម គឺជាសសរស្ដម្ភដ៏រឹងមាំ ដែលយើងត្រូវតែបន្តពង្រឹងនិងពង្រីក ឱ្យកាន់តែរីកចម្រើន

ឯកឧត្តម  ឧត្តមសេនីយ៍ឯក តូ ឡឹម ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងគណបក្ស កុម្មុយនីសវៀតណាម និងគណបក្សប្រជាជនកម្ពុជា  នាពេលកន្លងមក ហើយ ឯកឧត្តមបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវិស័យសន្តិសុខនៃប្រទេសទាំងពីរ គឺជាសសរស្ដម្ភដ៏រឹងមាំ ដែលយើងត្រូវតែបន្តពង្រឹងនិងពង្រីក ឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ.

ការលើកឡើងនេះ គឺនៅក្នុងជំនួបចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមាន ៧មករា ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ។

ឯកឧត្ដម ក៏បានបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលកន្លងទៅ និងជោគជ័យនៃការរៀបចំអ្នកបន្តវេនប្រកបដោយភាពរលូន និងសន្តិភាព។ ឯកឧត្តម តូ ឡឹមម បានអបអរសាទរដល់គណបក្សប្រជាជនកម្ពុជា ដែលបានរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ខ្លួនកន្លងទៅ ប្រកបដោយជោគជ័យ និងបានបោះឆ្នោតបំពេញបន្ថែមនូវសមាជិកគណៈកម្មាធិការកណ្ដាល សមាជិកគណៈអចិន្ត្រៃយ៍ និងអនុប្រធានគណបក្ស ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស។ 

ឯកឧត្តម តូ ឡឹមម បានបញ្ជាក់ជូនសម្ដេចតេជោផងដែរថា គណៈបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាប្រជាជនវៀតណាម គាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាថ្មី ដែលមានសម្ដេចអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ 

ឯកឧត្តមបានជូនពរចំពោះគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យចំពោះការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ ក៏ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខ៕

អត្ថបទពាក់ព័ន្ធ

Back to top button