ព័ត៌មានជាតិ

« វិស័យអាទិភាពចំនួន៤ ក្នុងក្របខ័ណ្ឌនៃការបន្តកិច្ចសហប្រតិបត្តិការរបស់ UN-ESCAP ជាមួយកម្ពុជា » 

លោកជំទាវបណ្ឌិត អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិអង្គការ UN-ESCAP  បានគោរពជម្រាបជូនសម្ដេចធិបតីដោយសង្ខេបនូវវិស័យអាទិភាពចំនួន ៤ ដែលនៅក្នុងក្របខ័ណ្ឌនៃការបន្តកិច្ចសហប្រតិបត្តិការ ដែលរួមមាន ៖

ទី១) ការផ្ដល់កិច្ចគាំពារដល់ប្រជាជនដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ចោល» និងកិច្ចការពារបរិស្ថានដោយផ្ដោតជាអាទិភាពលើការប្រែប្រួលអាកាសធាតុ។

ទី២) ការសម្របសម្រួលនៅក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្ម ដោយជំរុញការតភ្ជាប់នៃវិស័យពាណិជ្ជកម្មនៃបណ្ដាប្រទេសសមាជិកនៃអង្គការ UN-ESCAP ។ 

ទី៣) ការកសាង និងពង្រឹងសមត្ថភាពឌីជីថល សម្រាប់ប្រជាពលរដ្ឋ 

ទី៤)ការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីរួមចំណែកសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ។ 

លោកជំទាវ Armida Salsiah Alisjahbana ការលើកឡើងបែបនេះ ក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតអោយ លោកជំទាវបណ្ឌិត អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិអង្គការ UN-ESCAP និង សហការី ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

សម្ដេចធិបតី បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការរបស់អង្គការ UN-ESCAP ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបនេះដែរ សម្តេចធិបតី ក៏បានជម្រាបជូនលោកជំទាវបណ្ឌិតថា អ្វីដែលលោកជំទាវបានលើកឡើងខាងលើ មានភាពប្រទាក់ក្រឡា និងស្របគ្នាជាមួយនឹងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស ការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការកសាងភាពធន់ និងកំណើនចីរភាព សំដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់៕

អត្ថបទពាក់ព័ន្ធ

Back to top button