ប្រភពជាច្រើនបាននិយាយថា នៅថ្ងៃសុក្រនេះ ប្រទេសអ៊ីស្រាអែលបានចាប់ផ្តើមបើកការវាយប្រហារទៅលើទឹកដីនៃប្រទេសអ៊ីរ៉ង់។ ការវាយប្រហារតបទៅវិញចុងក្រោយគេបង្អស់នេះ គឺជាការសងសឹងទៅនឹងសត្រូវដែលសំខាន់ជាងគេបំផុតរបស់ខ្លួននៅក្នុងតំបន់ ដែលសង្រ្គាមស្រមោលដ៏យូរអង្វែងបានចាប់ផ្តើមផ្ទុះឡើង។
នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហូ បានសច្ចាថា ប្រទេសរបស់លោកនឹងធ្វើការឆ្លើយតបតទៅវិញ បន្ទាប់ពីប្រទេសអ៊ីរ៉ង់បានបាញ់ដ្រូន និង មីស៊ីលដាក់ទៅកាន់ប្រទេសអ៊ីស្រាអែលរបស់លោកកាលពីថ្ងៃទី១៣ ខែមេសា កន្លងទៅនេះ។ សកម្មភាពរបស់ទីក្រុងតេហេរ៉ង់នេះ គឺជាការវាយប្រហារលើកដំបូង ដែលមិនធ្លាប់មានពីមុនមកទៅលើប្រទេសអ៊ីស្រាអែល។ ហើយវា គឺជាការសងសឹកទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់ប្រទេសអ៊ីស្រាអែល ទៅលើស្ថានទូតរបស់ទីក្រុងតេហេរ៉ង់ក្នុងទីក្រុងដាម៉ាស់នៃប្រទេស៊ីរីកាលពីថ្ងៃទី១ ខែមេសា កន្លងទៅនេះ។
ការបាញ់តបតដាក់គ្នាទៅវិញទៅមកនេះ គឺជាផ្នែកមួយនៃការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់កាន់តែខ្លាំងឡើង ចាប់តាំងពីសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សាបានចាប់ផ្តើមផ្ទុះឡើងកាលពីឆ្នាំមុន។ ប៉ុន្តែប្រទេសដែលជាសត្រូវនឹងគ្នាទាំងពីរនេះ បានអូសបន្លាយជាច្រើនទសវត្សរ៍មកហើយ តាមរយៈប្រវត្តិសាស្ត្រនៃសង្រ្គាមស្រមោល និង ការវាយប្រហារដោយលួចលាក់តាមជើងគោក, សមុទ្រ, ផ្លូវអាកាស និង តាមប្រព័ន្ធអ៊ីនធើណេត។
ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា ប្រទេសអ៊ីរ៉ង់បានធ្វើការឆ្លើយតបទៅនឹងប្រទេសអ៊ីស្រាអែលវិញ ជាការសងសឹក ដោយបាញ់ដ្រូន និង មីស៊ីល នៅក្នុងការវាយប្រហារមួយដោយផ្ទាល់ ដែលមិនធ្លាប់មានពីមុនមកលើទឹកដីនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី១៣ ខែមេសា កន្លងទៅនេះ។ ការវាយប្រហារនេះ បានជម្រុញឱ្យប្រទេសអ៊ីស្រាអែល បើកការវាយប្រហារតបតទៅវិញទៅលើទឹកដីនៃប្រទេសអ៊ីរ៉ង់នៅថ្ងៃទី១៩ ខែមេសា នេះ៕ ប្រភព៖ REUTERS