សន្តិសុខសង្គម

សមត្ថកិច្ចឡោមព័ទ្ធផ្ទះ លោក លី សាម៉េត កាលពីយប់ថ្ងៃទី៧ ពោលគឺ ប៉ុន្មានម៉ោង ក្រោយសម្តេចតេជោ ហ៊ុន សែន បានទម្លាយព័ត៌មានពី លោកឧកញ៉ា លី សាម៉េត

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច បានធ្វើការឡោមព័ទ្ធផ្ទះ លោក លី សាម៉េត កាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ពោលគឺ ប៉ុន្មានម៉ោង ក្រោយសម្តេចតេជោ ហ៊ុន សែន បានទម្លាយព័ត៌មានពី លោកឧកញ៉ា លី សាម៉េត ដែលបានយកឈ្មោះសម្តេច ដើរបោកប្រាស់គេយកលុយរាប់លានដុល្លារ និងស្នើឱ្យក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការដើម្បីបង្កកទ្រព្យសម្បត្តិ។
បន្ទាប់មកសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធផ្ទះ ឧកញ៉ា លី សាម៉េត ដែលមានទីតាំងនៅក្នុងបុរីរិទ្ធ ស្ថិតក្នុងសង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។ នេះបើយោងតាមការបញ្ចាក់ពី លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ លោកបានឱ្យដឹងយ៉ាងខ្លីថា សមត្ថកិច្ចកំពុងធ្វើការក្នុងរឿងនេះហើយ។

ម្សិលមុិញ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលា ការ ដើម្បីចេញដីការការពារទ្រព្យសម្បត្តិលោក លី សាម៉េត ដើម្បីទុកសង ដល់អ្នកចាញ់បោកលោក លី សាម៉េត ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះលើផេកផ្លូវការ នៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា ដោយរឿងច្រើនពេកថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់
លោកលី សាម៉េត(ហៅគ្រូមា)។
សម្តេចតេជោ ហ៊ុន សែន បន្តថា លី សាម៉េតតែងប្រើឈ្មោះខ្ញុំដើរ បោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផងដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែលលី សាម៉េតមិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផង។
សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ៖ ឆ្នាំ២០២២លី សាម៉េតបោកលុយឈ្មោះសុខ ឡេង១០លានដុល្លារថាយកមកឲ្យខ្ញុំតែពេលសុខ ឡេងផ្តាំឲ្យ
សួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំទ្រី សុខាទើបខ្ញុំ
ដឹងក៏ទាមទារពីលី សាម៉េតប្រគល់ឲ្យ
សុខ ឡេងវិញទាំងអស់ដោយពេលនោះយកលី សាម៉េតទៅសួរចម្លើយ
និងប្រគល់ទទួលប្រាក់នៅស្នងការ
នគរបាលក្រុងភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅ លី សាម៉េត ឲ្យសងលុយទៅមួង ឃីម ចំនួន២៣មុឺនដុល្លារក្រោយមួង ឃីម បញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)។
ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក
កន សុខកាយ អភិបាលស្រុកល្វាឯម ថាលី សាម៉េត បានយកប្រាក់ពីគាត់
ចំនួន៣០មុឺនដុល្លារដើម្បីរត់ការឲ្យបាន
តំណែងជាអភិបាលក្រុងអរិយក្សត្រ។
ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំជា
នាយករដ្ឋមន្ត្រី៣៨ឆ្នាំនិងពេលនេះជា
ប្រធានព្រឹទ្ធសភា អមដោយអំណាច
ជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមាន
ព្រះមហាក្សត្រខ្ញុំធ្លាប់ចុះហត្ថលេខា
តែងតាំងនិងដំឡើងសក្តិមន្ត្រីរាប់មុឺន
នាក់ទាំងសុីវិលនិងកងកម្លាំងប្រដាប់
អាវុធខ្ញុំមិនដែលទទួលយកអន្តរាគមន៍
ពីអ្នកណានោះឡើយមិនថាតាមការស្នើសុំឬតាមសំណូកណាមួយនោះ
ឡើយ។ផ្ទុយទៅវិញមន្ត្រីមួយចំនួន
ទទួលបានការតែងតាំងហើយទទួល
បានការជួយពីខ្ញុំថែមទៀតដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។
សម្តេចតេជោ ហ៊ុន សែន ថា ៖ ករណីលី សាម៉េតអាចនៅមានមនុស្ស
ច្រើនទៀតដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ។
សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ ដើម្បីជម្រះបញ្ជីមួយនេះតាមរបៀប
ពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែងខ្ញុំ
សូមស្នើ៖
១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការដើម្បីចេញដីកា
ការពារទ្រព្យសម្បត្តិលី សាម៉េតដើម្បី
ទុកសងដល់អ្នកចាញ់បោកលី សាម៉េត។
២.អ្នកចាញ់បោកលី សាម៉េតទាំងអស់
ដាក់ពាក្យប្តឹងឬទាមទារសំណងទៅ
កាន់មេធាវីសម្តេចតេជោ។
៣.ឯកឧត្តមគី តិចរៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹងនិងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។
៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល
លី សាម៉េតកុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button