សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ជាថ្មីថា កម្ពុជាមិនចូលរួមដាច់ខាតជាមួយយន្តការដែលមានគំនិតប្រឆាំង ឬផ្តួលរំលំប្រទេសណាមួយនោះទេ គឺកម្ពុជាប្រកាន់យកសន្តិភាពជានិច្ច។ ការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះ ក្នុង ពិធីអបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ថាឥឡូវនេះមានយន្តកាច្រើន ដែលពិសេសនោះនៅក្នុងតំបន់របស់យើងដោយមានយន្តការខ្លះបង្កើតគឺមិនពាក់ព័ន្ធ ឬពាក់ព័ន្ធតិចតួចដែលបង្កើតឡើងមានចរិកនយោបាយ សន្តិសុខសង្គមដែលអាចប៉ះពាល់ដល់នយោបាយអព្យាក្រឹតរបស់យើង ហើយសុំបញ្ជាក់ថា កម្ពុជាមិនចូលរួមជាមួយយន្តការណាដែលមានចរិកនយោបាយដែលបង្កើតឡើង ដើម្បីប្រកួតប្រជែង ឬប្រឆាំងនឹងប្រទេសណាមួយនោះទេ»។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថាកម្ពុជានឹងចូលរួមជាមួយប្លុក ឬយន្តការដែលមានទិសដៅរួម ដែលមានគោលបំណងបង្កើតឡើងក្នុងការថែរក្សាសុខដុរមនីយកម្មសន្តិភាព វិបុលភាព សង្គមនៅក្នុងតំបន់ និងជំរុញការអភិវឌ្ឍរួមគ្នាជាពិសេសសេដ្ឋកិច្ច និងយន្តការថែរក្សា សន្តិភាព នៅក្នុងតំបន់ ព្រោះថាកម្ពុជាត្រូវការសន្តិភាព។
សម្តេចធិបតីក៏បានអះអាងថា សន្តិភាពផ្ទៃក្នុងប្រទេសរបស់កម្ពុជាត្រូវតែថែរក្សាឱ្យបាន ប៉ុន្តែសន្តិភាពនៅក្នុងតំបន់ក៏ចាំបាច់ក្នុងការថែរក្សា ព្រោះថាវាក៏បានជាប់ពាក់ព័ន្ធនឹងកម្ពុជាផងដែរ។ សម្តេចធិបតីបានលើកឡើងថា ជាក់ស្តែងថាគ្រាន់មានសង្គ្រាមនៅប្រទេសអ៊ុយក្រែន ជាមួយរុស្ស៊ីតម្លៃអង្ករ ស្រូវ ប្រេង ក៏បានឡើងថ្លៃ ហើយគ្រាន់តែវៃគ្នានៅមជ្ឈឹមបូព៌ា កប៉ាល់ដឹកទំនិញនៅតាមសមុទ្រក្រហមក៏បានឡើងថ្លៃ។
សម្តេចធិបតីគូសបញ្ជាក់បន្ថែមថា៖ «គ្រាន់តែបញ្ហានេះយើងមានការលំបាក ទម្រាំមានបញ្ហា នៅក្នុងតំបន់ទៀតតើវាទៅជាយ៉ាងណា គឺវាប៉ះពាល់ដល់ប្រជាពលរដ្ឋយើងតែម្តង។ អីចឹង សម្រាប់កម្ពុជាជាសមាជិករបស់អង្គការសហប្រជាជាតិមួយ និងជាសមាជិករបស់អាស៊ាន យើងចូលរួមជាមួយយន្តការដែលបង្កើតឡើងដែលមិនប្រឆាំង និងប្លុកណា ឬប្រទេសណាមិនប្រកួតប្រជែងតែជាសមារហណកម្ម ដើម្បីបំពេញឱ្យគ្នាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា ថែរក្សា សន្តិភាព ស្ថិរភាពសង្គម»។
សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាក៏បានលើកឡើងថាកម្ពុជានឹងធ្វើការស្វែងយល់និងពង្រីកលទ្ធភាពនូវគ្រប់វិស័យដើម្បីធ្វើការប្រទាក់ក្រឡាបន្ថែមទៀត ដែលចំណុចនេះគ្រប់ក្រសួង ស្ថាប័ន ត្រូវតែធ្វើទាំងអស់គ្នា ដោយមិនគិតថាយន្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយនោះទេ។
ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា៖«យន្តការបង្កើតដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន…នោះយើងចូលរួម។ ប៉ុន្តែបើយន្តការបង្កើតឡើងដើម្បីប្រឆាំងជាមួយអ្នកនេះ ជាមួយអ្នកនោះយើងមិនចូលរួមជាដាច់ខាត។ យើងនៅតែបន្តចូលរួមជាសមាជិកមួយ នៃ អង្កការសហប្រជាជាតិ និងអាស៊ានដែលជាអង្គការមួយក្នុងការចូលរួមថែរក្សា សុខសន្តិភាព ស្ថិរភាពនៅក្នុងតំបន់»៕