ព័ត៌មានអន្តរជាតិ

បេក្ខជនឯករាជ្យរបស់គណបក្សប្រឆាំងដែលគាំទ្រដោយ លោក Khan ទទួលបានអាសនៈភាគច្រើន

គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសប៉ាគីស្ថាននិយាយថា បេក្ខជនឯករាជ្យរបស់គណបក្សប្រឆាំងគាំទ្រដោយអតីតនាយករដ្ឋមន្ត្រី Imran Khan ដែលជាប់ពន្ធនាគារ បានទទួលអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ ប៉ុន្តែ​ពួកគេ​បរាជ័យ​ក្នុងការ​ទទួលបាន​សំឡេងភាគច្រើន​នៅក្នុង​សភា ដែល​ជំរុញ​ឱ្យ​គណបក្ស​គ្រប់គ្រងអំណាច​ចាប់ផ្តើម​កិច្ចចរចា​ចម្រុះ។

គណៈកម្មាធិការបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា បេក្ខជនដែលជាប់ពាក់ព័ន្ធជាមួយ លោក Khan  និង អ្នកឯករាជ្យផ្សេងទៀតទទួលបាន១០១ អាសនៈ ក្នុងចំណោម២៦៦អាសនៈ ដែលត្រូវបានប្រកួតប្រជែងដោយការបោះឆ្នោតដោយផ្ទាល់។

គណៈកម្មាធិការបាននិយាយថា អាសនៈចំនួន៧៥ បានទៅលើគណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថាន ដែលជាគណបក្សដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោក ណាវ៉ាស សារីហ្វ។

ក្រុមអ្នកវិភាគបានឃ្លាំមើលយ៉ាងដិតដល់ថាតើគណបក្សរបស់ លោក សារីហ្វ ដែលត្រូវបានគេនិយាយថា មានទំនាក់ទំនងល្អជាមួយយោធា នឹងរក្សាការគ្រប់គ្រងរបស់រដ្ឋាភិបាលដែរឬទេ។

លោក Khan ដឹកនាំគណបក្សប្រឆាំងប៉ាគីស្ថាន Tehreek-e-Insaf ឬ PTI ដែលជាគណបក្សដ៏មានប្រជាប្រិយភាពពីអ្នកបោះឆ្នោតវ័យក្មេង។ អតីតតារាកីឡា cricket រូបនេះ មិនមានសិទ្ធិឈរឈ្មោះក្នុងការបោះឆ្នោត ខណៈដែលលោកកំពុងជាប់ពន្ធនាគារពីបទពុករលួយ និង បទចោទប្រកាន់ផ្សេងទៀត។ បេក្ខជន​របស់​គណបក្ស​លោក​ត្រូវ​ឈរឈ្មោះ​ជា​អ្នក​ឯករាជ្យ។

ទោះបីជាមានការប្រកាសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតយ៉ាងណាក៏ដោយ ក៏គេរំពឹងថា នឹងចំណាយពេលច្រើនទៀត មុនពេលលទ្ធផលនៅក្នុងមណ្ឌលបោះឆ្នោតមួយចំនួនអាចត្រូវបានបញ្ចប់។

បេក្ខជនដែលជាប់ពាក់ព័ន្ធជាមួយ PTI ជាច្រើន បានយកក្តីកង្វល់របស់ពួកគេទៅកាន់តុលាការ ដោយបានប្រកាសជ័យជំនះលើគូប្រជែងរបស់ពួកគេ។ ពួកគេ​និយាយ​ថា ពួកគេ​ច្បាស់​ជា​បាន​សន្លឹក​ឆ្នោត​ច្រើន​ជាង​ការ​រាប់​ចេញ​ដោយ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត។ គណបក្ស PTI ក៏​កំពុង​ធ្វើ​ការ​តវ៉ា​ជុំវិញ​បញ្ហា​នេះផង​ដែរ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនរាយការណ៍ថា គ្មានគណបក្សណាមួយទទួលបានសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតនោះទេ ដោយលើកឡើងពីតម្រូវការក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។ គណបក្ស​របស់​ លោក សារីហ្វ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​កិច្ច​ចរចា​ចម្រុះ​ជាមួយ​នឹង​កងកម្លាំង​ផ្សេងៗ​ទៀត រួម​មាន​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន ឬ PPP។

ប្រភព៖ NHK, ថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button