ពិភពលោកបច្ចុប្បន្នកំពុងតែប្រឈមនឹងបញ្ហាចម្បងៗមួយចំនួនដូចជា ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម សង្គ្រាមរុស្សី-អ៊ុយក្រែន ជម្លោះប្រដាប់អាវុធនៅមជ្ឈិមបូពា៌ និងបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។
បញ្ហាទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មសកល អសន្តិសុខ និងការដាក់ទណ្ឌកម្មជា បន្តបន្ទាប់លើប្រទេសរុស្សីជាដើម។
បើទោះបីជាយ៉ាងនេះក្ដី បើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយសម្រេចបាននូវអាត្រាកំណើន ប្រមាណ៥% នៅឆ្នាំ២០២៣ ជាមួយនឹងការព្យាករណ៍សេដ្ឋកិច្ច៦%នៅឆ្នាំ ២០២៤។
គន្លងសេដ្ឋកិច្ចដ៏រឹងមុំា និងមានភាពធន់នេះនឹងជំរុញឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលកំពុងលូតលាស់នៅតំបន់អាស៊ីអាគ្នេយ៍។
នាឱកាសពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាថ្ងៃទី ៨ កក្កដានេះ សម្ដេចធិបតី បានថ្លែងឱ្យដឹងថា៖ «នៅក្នុងទសវត្សន៍ចុងក្រោយនេះ កម្ពុជាតែងតែស្ថិតក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួចដែលទទួលបានការវិនិយោគពីបរទេសច្រើនជាងគេ។»
ជាក់ស្ដែង ក្នុងឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ២៦៨ ដែលមានទំហំទឹកប្រាក់ជិត ៤,៩ពាន់លានដុល្លារ អាមេរិក។ ករណីនេះបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលបានទទួលការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួច។
លើសពីនោះទៅទៀត បើយោងតាមរបាយការណ៍វិនិយោគពិភពលោករបស់សន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានសម្ទុះនៃលំហូរវិនិយោគផ្ទាល់ពីបរទេស កាន់តែខ្លាំង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងសរុបចំនួន ១៩០ ដែលមានតម្លៃ ៣,២ពាន់លានដុល្លារ កើនឡើង៣ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។
សម្ដេចបន្តថ្លែងទៀតថា ជាមួយនឹងការដាក់បញ្ចូលក្នុងបញ្ជីតាមដានគោលដៅ FDI ដែលលេចធ្លោ ឆ្នាំ ២០២៤ របស់ Financial Time កម្ពុជាជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងចំណោមប្រទេសគោលដៅវិនិយោគកំពូលទាំង ៥០ របស់ពិភពលោក ដែលការណ៍នេះបង្ហាញកាន់តែច្បាស់អំពីភាពទាក់ទាញរបស់កម្ពុជាដល់វិនិយោគិនសកល។
សមិទ្ធិផលទាំងនេះសក្ខីភាពដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពរឹងមុំានៃមូលដ្ឋានគ្រឹះសេដ្ឋកិច្ចកម្ពុជា ដូចជាទីតាំងយុទ្ធសាស្ត្រនៅចំចំណុចកណ្ដាលនៃតំបន់ និងការប្រមូលផ្ដុំកម្លាំងពលកម្មដែលវ័យក្មេង រស់រវើក និងមានជំនាញខ្ពស់ ក៏ដូចជាប្រសិទ្ធភាពនៃគោលនយោបាយផងដែរ៕