(ស្តុកខុល)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានអោយដឹងថា ឧបនាយករដ្ឋមន្រ្តីស៊ុយអែត លោកស្រី Ebba Busch បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ស៊ុយអែតនឹងគាំទ្រអ៊ុយក្រែន តាមរយៈកញ្ចប់ជំនួយទី១៦របស់ខ្លួន ដែលគិតត្រឹមពេលនេះ ជាកញ្ចប់ជំនួយធំបំផុត ទំហំ១៣.៣ពាន់លានក្រូណា (kronor) ឬស្មើនឹង១.២៥ពាន់លានដុល្លារអាមេរិក។ ស៊ុយអែតនឹងផ្តល់បរិក្ខារជាច្រើន រួមមានទាំងយន្តហោះឈ្លបការណ៍ ASC 890, មីស៉ីលបាញ់ពីផ្ទៃអាកាសទៅផ្ទៃអាកាសរយៈចម្ងាយមធ្យម Rb 99 ព្រមជាមួយគ្រាប់រ៉ុក្កែតផ្លោង និងគ្រាប់កាំភ្លើងធំ ហើយនិងរថពាសដែក Pansarbandvagn 302។
ការប្រកាសសន្យាផ្តល់ជំនួយយោធា ទំហំ១.២៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែននាពេលនេះ គឺស្របពេលដែល ទីក្រុងកៀវ កំពុងជួបការលំបាក ចំពោះមុខភាពយឺតយ៉ាវ នៃការផ្តល់ការគាំទ្រផ្នែកយោធា ពីសម្ព័ន្ធមិត្តលោកខាងលិច នៅក្នុងឆ្នាំទី៣នៃសង្រ្គាម ជាមួយរុស្ស៉ី។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ស៊ុយអែតបានប្រកាសទាំងកញ្ចប់ជំនួយទំហំ៦៥០លានក្រូណា ដើម្បីជួយធានាការផ្គត់ផ្គង់ថាមពលរបស់អ៊ុយក្រែន ដែលបានស្ថិតក្រោមគោលដៅវាយប្រហារជាពិសេសពីសំណាក់រុស្ស៉ី និងទាំងក្របខណ្ឌជំនួយយោធានិងស៉ីវិលមួយ ដែលមានទំហំ ទឹកប្រាក់សរុប ៧៥ពាន់លានក្រូណា សម្រាប់រយៈពេល៣ឆ្នាំ គឺ២០២៤ ដល់ឆ្នាំ២០២៦ ដើម្បីគាំទ្រទីក្រុងកៀវ ដរាបណាវានៅតែជារឿងចាំបាច់។ ការសន្យាផ្តល់ការគាំទ្រ ទាំងអស់នេះ នាំឱ្យការផ្តល់ជំនួយសរុបរបស់ស៊ុយអែត សម្រាប់អ៊ុយក្រែន គិតចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានផ្ទុះឡើងកាលពីឆ្នាំ២០២២មក កើនដល់ជាង១០០ពាន់លានក្រូណា ហើយធ្វើឱ្យទីក្រុងកៀវ ក្លាយជាអ្នកទទួលធំជាងគេបង្អស់ នៃជំនួយរបស់ស៊ុយអែត៕