កីឡា

ស្បែកជើង, រថយន្ត និងសំភារៈប្រើប្រាស់កម្រនៃអត្តពលិកល្បីៗដាក់ដេញថ្លៃក្នុងទំហំសរុបដល់ទៅ៦០លានដុល្លារ

នៅក្នុងកម្មវិធីដេញថ្លៃដ៏ល្បីល្បាញ RM Sotheby កាលពីចុងសប្តាហ៍កន្លងមកនេះ ការប្រមូលផ្តុំនៃសំភារៈអនុស្សាវរីយ៍បែបកីឡា របស់ក្រុមអ្នកអត្តពលិក និងរថយន្តប្រណិត ជាច្រើនដែលជាកម្មសិទ្ធិរបស់សហគ្រិនជនជាតិកាណាដាម្នាក់ ត្រូវដាក់ដេញថ្លៃរួមគ្នាក្នុងទំហំគិតជាទឹកប្រាក់រហូតទៅដល់៦០លានដុល្លារ។

នៅក្នុងនោះគេសង្កេតឃើញមានផងដែរ ដូចជាឈុតប្រណាំងរថយន្តដែលមានហត្ថលេខាដោយអ្នកប្រណាំងរថយន្ត Formula One ដ៏ល្បី លោក Michael Schumacherព្រមទាំងរថយន្ត Ferraris ប្រភេទ classic red ចំនួន៥គ្រឿងដែលមានតម្លៃរហូតទៅដល់២០,៥លានដុល្លារ។

ក្រៅពីនោះគេក៏ឃើញមានការដាក់តាំងលក់ស្បែកជើងក្រុមហ៊ុន Nike ម៉ាក Moon Shoe ដែលលោក Miles Nadal ធ្លាប់បានបញ្ជារទិញក្នុងតម្លៃដល់ទៅ ៤៣៧,៥០០ដុល្លារ កាលពីឆ្នាំ២០១៩ផងដែរ ហើយភាគច្រើននៃសំភារៈកម្រទាំងនោះគឺសុទ្ធតែធ្លាប់ដាក់តាំងបង្ហាញនូវឯសារៈមន្ទីរឯកជននៅក្នុងទីក្រុង Toronto។

នៅក្នុងបទសំភាសជាមួយនឹងក្រុមអ្នកកាសែត លោក Nadal បាននិយាយថា សំភារៈ និងឧបករណ៍ប្រើប្រាស់ប្រណិតៗប្លែកពីគេរបស់លោកជាច្រើនត្រូវបានដាក់ឲ្យចូលរួមកម្មវិធីដេញថ្លៃលើកនេះដើម្បីអាចរៀបចំទីតាំងទុកដាក់របស់លោកឡើងវិញផង និងអាចប្រមូលប្រាក់មួយចំណែកទៅជួយដល់មូលនិធីសប្បុរសធម៍ផង។

លោក Miles Nadal គឺជាអតីតប្រធានប្រតិបត្តិនៃក្រុមហ៊ុនល្បីៗ និងជាអ្នកជំនួញដ៏ជោគជ័យម្នាក់នៅក្នុងប្រទេសកាណាដា។លោកបានថ្លែងទៀតថា៖ខ្ញុំពេលនេះមានអាយុ៦៦ឆ្នាំទៅហើយ ដូច្នេះខ្ញុំយល់ថា អ្វីដែលខ្ញុំគួរតែមាន ហើយអ្វីដែលគួរចែករំលែកដើម្បីផ្តល់ទៅឲ្យពិភពលោកវិញ។

គួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត គេក៏សង្កេតឃើញមានរថយន្តប្រណិតដ៏កម្រមួយទៀតជាម៉ូដេល 2008 Bugatti Veyron 16.4 ដែលធ្លាប់ជាកម្មសិទ្ធិរបស់អ្នកដឹកនាំកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញ និងជាស្ថាបនិកនៃកម្មវិធីធំៗផ្សេងទៀតគឺលោក Simon Cowell ផងដែរ៕

អត្ថបទពាក់ព័ន្ធ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button