ព័ត៌មានអន្តរជាតិ

ស្លាប់២នាក់ និង រងរបួស៧នាក់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល នៅភាគនិរតី នៃប្រទេសលីបង់

សមាជិកក្រុមហេសបូឡាហ៍ (Hezbollah) ម្នាក់ និង ជនស៊ីវិលម្នាក់ ត្រូវបានស្លាប់ ចំណែកឯជនស៊ីវិលប្រាំពីរនាក់ផ្សេងទៀត បានរងរបួសកាលពីរសៀលថ្ងៃពុធ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល សំដៅលើម៉ូតូមួយគ្រឿង នៅក្នុងទីប្រជុំជន Jwaya ភាគនិរតី នៃប្រទេសលីបង់។

ប្រភពយោធាលីបង់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបស់ប្រទេសចិនដោយអនាមិកថា ដ្រូនអ៊ីស្រាអែល បានកំណត់គោលដៅលើម៉ូតូមួយគ្រឿង ដោយបាញ់មីស៊ីលចំនួនពីរគ្រាប់នៅក្នុងទីប្រជុំជន Jwaya បានសម្លាប់អ្នកបើកបរម្នាក់ និង ជនស៊ីវិលលីបង់ម្នាក់ ព្រមទាំងធ្វើឱ្យអ្នកធ្វើដំណើរផ្សេងទៀត បានរងរបួស។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា សមាជិកក្រុមហេសបូឡាហ៍ម្នាក់ ដែលត្រូវបានសម្លាប់នោះ មានឈ្មោះថា Hassan Fares Jichi និង ជនស៊ីវិលម្នាក់ទៀតឈ្មោះ Mohammad Hassan Shomer។

យោធា​អ៊ីស្រាអែល​មិន​បាន​ធ្វើ​អត្ថាធិប្បាយណាមួយ​លើ​ការ​វាយ​ប្រហារ​តាម​ផ្លូវអាកាស​នេះ​ទេ។

ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយយោធាក្រុមហេសបូឡាហ៍ បានប្រកាសថា ក្រុមអ្នកតស៊ូអ៊ីស្លាម បានវាយប្រហារទីតាំង និង ការប្រមូលផ្តុំជាច្រើនរបស់អ៊ីស្រាអែល រួមមាន Jal al-Alam, al-Raheb, al-Malikiyah, al-Za’oura និង Ruwaisat al-Alam។

ភាពតានតឹងបានកើនឡើងខ្ពស់នៅក្នុងប្រទេសលីបង់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើជាយក្រុង Dahieh ភាគខាងត្បូង នៃទីក្រុងបេរូត (Beirut) ដែលបណ្តាលឱ្យមានការស្លាប់របស់មេបញ្ជាការយោធាជាន់ខ្ពស់ក្រុមហេសបូឡាហ៍ លោក Fouad Shokor និង ជនស៊ីវិលប្រាំពីរនាក់ផ្សេងទៀត។ លោក Hassan Nasrallah អគ្គលេខាធិការក្រុមហេសបូឡាហ៍ បានគម្រាមឆ្លើយតបយ៉ាងច្បាស់លាស់ និង ឈឺចាប់ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល នៅពេលវេលា និង ទីកន្លែងសមស្រប។

ភាពតានតឹងនៅតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល បានកើនឡើងចាប់តាំងពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ មក នៅពេលដែលក្រុមប្រដាប់អាវុធលីបង់ ហេបុលឡាហ៍ បានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ដោយបង្ហាញពីសាមគ្គីភាពជាមួយនឹងក្រុមហាម៉ាស់ ដែលបានវាយប្រហារទៅលើប្រទេសអ៊ីស្រាអែល កាលពីមួយថ្ងៃមុន។ បន្ទាប់មក ប្រទេសអ៊ីស្រាអែល​ ក៏បាន​សងសឹកទៅវិញ ​ដោយ​បានធ្វើការវាយប្រហារតាមផ្លូវអាកាស និង បាញ់កាំភ្លើងធំទៅកាន់​ភាគ​អាគ្នេយ៍ នៃប្រទេស​លីបង់៕ ប្រភព៖ ស៊ីនហួ, ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button