ព័ត៌មានជាតិ

ស្អែកនេះ! រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍ និងបង្ហាញតម្រាយផ្លូវសម្រាប់ដង្ហែសព សម្ដេចចៅហ្វាវាំង គង់ សំអុល

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការដង្ហែសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ស្អែកនេះ។
សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ព្រះបរបរាជវាំង បានទទួលអនិច្ចកម្ម កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ៩៤ឆ្នាំ ដោយរោគាពាធ។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រុមគ្រួសារសព បានរៀបចំពិធីបុណ្យសពតាមប្រពៃណី ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅគេហដ្ឋានផ្ទះលេខ៨៣ វិថីសុកហុក (ផ្លូវលេខ១០៧) កែងនឹងវិថីហ្សូសិបទេសទីតូ (ផ្លូវលេខ២១៤) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
លុះដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៦:០០នាទីព្រឹក នឹងរៀបចំពិធីដង្ហែសពចេញពីគេហដ្ឋាន ឆ្ពោះទៅបូជានៅវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយចាប់ផ្តើម ដង្ហែចេញពីគេហដ្ឋាន តាមរុក្ខវិថីសម្តេចប៉ាន ឆ្ពោះទៅមហាវិថីព្រះនរោត្តម បត់ស្តាំឆ្ពោះទៅវង្វង់មូល វិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីព្រះសីហនុ រហូតដល់ស្តុបនាគបាញ់ទឹក បត់ឆ្វេងតាមមហាវិថីសម្តេច សុធារស បន្តឆ្លងកាត់មុខព្រះបរមរាជវាំង រហូតដល់ផ្លូវលេខ១៧៨ បត់ឆ្វេងទៅដល់មហាវិថីព្រះនរោត្តម រួចបត់ស្តាំតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅកាន់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង បត់ឆ្វេងតាមវិថីព្រះអង្គឌួង ឆ្ពោះទៅ មហាវិថីសហព័ន្ធរុស្ស៊ីរហូតដល់ស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ រហូតដល់ទីតាំងប្រារព្ធ ពិធីបុណ្យបូជាសព នៅវត្តជម្ពូវ័ន។
ដើម្បីឲ្យពិធីដង្ហែសពខាងលើ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរតាមតម្រាយផ្លូវដង្ហែសពជាបណ្តោះអាសន្ន ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍៕

អត្ថបទពាក់ព័ន្ធ

Back to top button