ព័ត៌មានអន្តរជាតិ

ហ្គាហ្សា អះអាងថា ចំណាប់ខ្លាំងជាច្រើនទំនងជាស្លាប់ ដោយសារ អ៊ីស្រាអែល

ហ្គាហ្សា៖ ក្រុមសកម្មប្រយុទ្ធហាម៉ាសបានអះអាងថា ចំណាប់ខ្មាំងជាច្រើននាក់ទំនងជាត្រូវបានសម្លាប់ ហើយអ្នកដែលត្រូវស្តីបន្ទោសចំពោះការស្លាប់នេះ គឺភាគីខាងអ៊ីស្រាអែល។

អ្នកនាំពាក្យពួកហាម៉ាស់ ប៉ាឡេស្ទីន បាននិយាយ នៅថ្ងៃទី១៤ ខែមករាថា ចំណាប់ខ្មាំងជាច្រើននាក់ ដែលត្រូវបានចាប់ពង្រត់ដោយពួកគេ នៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប (Gaza Strip) ទំនងជាត្រូវបានសម្លាប់។ ពួកគេអះអាងថា ការស្លាប់ចំណាប់ខ្មាំងទាំងនោះ ដោយសារតែទង្វើរបស់អ៊ីស្រាអែល ដែលសម្រេចជោគវាសនាអាយុជីវិតរបស់ចំណាប់ខ្មាំងទាំងនោះ។

លោក អាប៊ូ អូបេដា (Abu Abeida) អ្នកនាំពាក្យហាម៉ាសបានលើកឡើងថា «ថ្មីៗនេះ ពួកគេជាច្រើននាក់ ច្បាស់ណាស់ ត្រូវបានសម្លាប់ ហើយនៅសល់ប៉ុន្មាននាក់ទៀត គឺស្ថិតក្នុងគ្រោះថ្នាក់គ្រប់ម៉ោងទាំងអស់ គ្រោះថ្នាក់ខ្លាំង…ហើយសត្រូវរបស់ពួកយើង ការដឹកនាំការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល គឺជាការទទួលខុសត្រូវពេញលេញ លើការស្លាប់ទាំងនេះ»។

លោក អាប៊ូ អូបេដា បានបន្ថែមទៀតថា ក្រុមសម្ព័ន្ធមិត្តរបស់ហាម៉ាស់បានប្រាប់ថា «ពួកគេនឹងពង្រីកការវាយប្រហារទៅលើពួកសត្រូវ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ»។

អ្នកនាំពាក្យហាម៉ាសរូបនេះក៏បានចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលដែរថា ពួកគេចាប់ផ្តើមសង្គ្រាមសាសនាថែមទៀត នាពេលថ្មីៗនេះ។ ពួកគេបានចោទថា ទាហានអ៊ីស្រាអែលបានវាយប្រហារ បំផ្លិចបំផ្លាញវិហារអ៊ីស្លាមនានា នៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប។

គួរបញ្ជាក់ថា នៅតំបន់ហ្គាហ្សា មានមនុស្សជិត២៤០០០នាក់ហើយ ដែលបានត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា។ អ៊ីស្រាអែលវាយប្រហារ ដើម្បីជាការសងសឹកនឹងការវាយប្រហាររបស់ហាម៉ាស់ប៉ាឡេស្ទីន លើទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយពេលនោះ មានមនុស្សស្លាប់ជាង១ពាន់នាក់៕ ប្រភពពី AFP

អត្ថបទពាក់ព័ន្ធ

Back to top button