ព័ត៌មានជាតិ

អគ្គិភ័យឆេះឃ្លាំងស្តុកឥវ៉ាន់អេតចាយមួយកន្លែងដោយមិនដឹងមូលហេតុនៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

កាលពីយប់ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានអគ្គិភ័យមួយ បានឆេះឃ្លាំងស្តុកឥវ៉ាន់អេតចាយមួយកន្លែងដោយមិនដឹងមូលហេតុ បណ្តាលឲ្យគំនរជ័រដបទឹកសុទ្ធគ្រីបហើយនៅក្នុងឃ្លាំង ដែលមានទីតាំងស្ថិតនៅ ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អគ្គិភ័យខាងលើនេះ ត្រូវបានរថយន្តពន្លត់អគ្គិភ័យពីខាង ស្នងការដ្ឋាននគរបាលខេត្ត,កងរាជអាវុធហត្ថខេត្ត,ព្រលានយន្តហោះកងកេង, ក្រុមហ៊ុន​ ជី.ធី.វី.ស៊ី ស្ពីដប៊ូត ខេមបូឌា, អង្គភាពង៧០, អធិការនគរបាលស្រុកព្រៃនប់ និង ម្ចាស់ផ្សារអូរចំណារ ពន្លត់បានជាស្ថាពរដោយប្រើពេលវេលាជិត២ម៉ោង។

សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ឃ្លាំងឈ្មោះ ម៉ឹង កាញ់ ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរ រកស៊ីទិញលក់អេតចាយ ហើយសម្ភារៈដែលឆេះក្នុងឃ្លាំង សង់អំពីដែក ទំហំទទឹង២០ម៉ែត្រ × បណ្ដោយ២០ម៉ែត្រ មានគំនរជ័រដបទឹកសុទ្ធគ្រីបហើយ រងការខូចខាតប្រហែល៥០% ចំណែកឯមូលហេតុ ដែលនាំឲ្យមានអគ្គិភយ័នេះកើតឡើង កំពុងស្រាវជ្រាវបន្ត។

សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងអគ្គិភ័យខាងលើនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ៕

អត្ថបទពាក់ព័ន្ធ

Back to top button