អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្កការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតែរ៉េស លោក Stephane Dujarric បាននិយាយថា អង្គការសហប្រជាជាតិ “ព្រួយបារម្ភយ៉ាងខ្លាំង” អំពីជោគវាសនារបស់ជនស៊ីវិលនៅក្នុងទីក្រុង Rafa មុនពេលការឈ្លានពានរបស់អ៊ីស្រាអែលឈានចូលមកដល់ ដែលត្រូវបានរំពឹងទុក។
លោក Stephane Dujarric បានប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុង ញ៉ូវ យ៉ក ថា “ខ្ញុំគិតថា អ្វីដែលច្បាស់គឺថា មនុស្សជាច្រើននៅក្នុងតំបន់នោះ ត្រូវការការពារ។ ប៉ុន្តែយើងក៏មិនចង់ឃើញការផ្លាស់ទីលំនៅណាមួយរបស់ប្រជាជនដោយបង្ខំនោះទេ ការផ្លាស់ទីដោយផ្ទុយនឹងឆន្ទៈរបស់ពួកគេ”។
លោក Dujarric បានបន្តថា ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ បានព្រមានថា “ដង់ស៊ីតេដែលមិនធ្លាប់មានពីមុនមកនៃចំនួនប្រជាជនរបស់ទីក្រុង Rafah ធ្វើឱ្យវាស្ទើរតែមិនអាចការពារជនស៊ីវិលនៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារលើដី”។
លោក Dujarric បានបន្តទៀតថា “យើងកំពុងព្យាយាមជួយឲ្យជនស៊ីវិលមានសំលៀកបំពាក់” ។
“យើងកំពុងព្យាយាមជួយឲ្យជនស៊ីវិល ទទួលបាននូវការព្យាបាល មានសម្លៀកបំពាក់គ្រប់គ្រាន់ ដើម្បីឲ្យមានភាពកក់ក្តៅ។ វាស្ទើរតែមិនអាចទៅរួចទេសម្រាប់ពួកយើងក្នុងជួយការការពារពួកគេពីការបាញ់ប្រហារដោយរថក្រោះ ពីគ្រាប់កាំភ្លើងធំជាដើម។ ហើយយើងទាំងអស់គ្នាឃើញនូវអ្វី ដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន”៕
ប្រភព៖ AL JAZEERA, ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤