ព័ត៌មានជាតិ

អង្គការ OECD បន្តគាំទ្រកម្ពុជាលើផ្នែកបចេ្ចកទេសក្នុងការកសាងគោលនយោបាយនានា សំដៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ក្នុងឱកាសនៃជំនួប ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស, ឯកឧត្ដម Mathias Cormann អគ្គលេខាធិការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ( Organization for Economic Cooperation and Development-OECD)  បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានធ្វើការបញ្ជាក់អំពីគោលជំហររបស់អង្គការ OECD ក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ការគាំទ្រផ្នែកបចេ្ចកទេសក្នុងការកសាងក្របខណ្ឌគោលនយោបាយនានា ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ។

ឯកឧត្តម អគ្គលេខាធិការអង្គការ OECD ក៏បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចំពោះការដាក់ចេញនូវគោលនយោបាយ និងការកំណត់ទិសដៅនានាក្នុងវិស័យសេដ្ឋកិច្ច និងបរិស្ថាន ។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញនូវភាពជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កម្ពុជានឹងកាន់តែអភិវឌ្ឍរីកចម្រើនលូតលាស់ និងឈានទៅសម្រេចបាន់នូវចក្ខុវិស័យ ៕

អត្ថបទពាក់ព័ន្ធ

Back to top button