ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៤ អតិថិជនទិញផ្ទះបុរីពិភពថ្មីប្រមាណជាង២០នាក់បានបន្តប្រមូលផ្ដុំគ្នាដុតសំបកកង់រថយន្តធ្វើការតវ៉ានៅមុខទីស្នាក់ការបុរីពិភពថ្មី២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រុមហ៊ុនអត់គោរពកិច្ចសន្យា ហើយយកដែកផ្សាបិទដាក់ស្លាកឃ្លុមបេផ្ទះគាត់មិនឲ្យចូលទៅរស់នៅ និងមានផ្ទះខ្លះត្រូវបានកាត់ដោះទ្វារគាត់រួចដឹកតាមរ៉ឺម៉កចេញទៅបាត់ថែមទៀតផង ។ នៅក្នុងការតវ៉ានោះ បានក៏បានផ្ទុះជាអំពើហិ.ង្សាគប់ដុំថ្មដាក់គ្នា១ប្រាវ រវាងក្រុមបាតុករដែលព្យាយាមដុតសំបកកង់រថយន្ត បណ្ដាលឲ្យមានអណ្ដាតភ្លើងព្រមទាំងផ្សែងឃ្មួលខ្មាញ់ និងក្រុមសន្តិសុខយាមបុរីដែលព្យាយាមពន្លត់ភ្លើងនោះ ។
ក្រុមអ្នកតវ៉ាក៏បានអះអាងថា ក្រុមសន្តិសុខយាមបុរីនេះ បានបើករថយន្តដឹកទឹកទាំងស្រវឹងទៅកៀរបុរស២នាក់ដែលកំពុងតវ៉ា បណ្ដាលឲ្យរងរបួសផងដែរ ។ ក្រុមអ្នកតវ៉ាទាំងនោះបាននិយាយថា ពួកគាត់ធ្វើការវ៉ាច្រើនខែមកហើយ ទាមទារឲ្យក្រុមហ៊ុនបុរីពិភពថ្មីគោរពកិច្ចសន្យា ដែលបានធ្វើជាមួយពួកគាត់ ស្ដីពីការទទួលទិញផ្ទះចូលវិញក្នុង៥០ភាគរយនៃប្រាក់ដែលបានបង់រំលស់ នៅពេលណាដែលពួកគាត់ជាអតិថិជនអត់លទ្ធភាពបង់ថ្លៃផ្ទះបន្តនោះ ។ ប៉ុន្តែក្រុមហ៊ុនមិនត្រឹមតែមិនព្រមទទួលទិញផ្ទះវិញប៉ុណ្ណោះទេ បានយកសោរទៅកឹប និងផ្សាដែកបិទមិនឲ្យពួកគាត់ចូលផ្ទះបានឡើយ ហើយក៏មានផ្ទះខ្លះទៀត ត្រូវក្រុមហ៊ុនកាត់ដោះទ្វារដឹកតាមរ៉ឺម៉កចេញទៅបាត់តែម្ដង។
ក្រុមបាតុករបាននិយាយបន្តទៀតថា រហូតមកទល់ពេលនេះ ពួគគាត់មួយចំនួនបង់ថ្លៃផ្ទះបានរយៈពេល៣ឆ្នាំ និងខ្លះទៀត៥ឆ្នាំទៅហើយ ប៉ុន្តែអស់លទ្ធភាព ដើម្បីបង់បន្តទៀតទើបបង្វិលផ្ទះលក់ទៅឲ្យក្រុមហ៊ុនវិញតាមកិច្ចសន្យា ។ ក្រុមហ៊ុនមិនបានខាតបង់នោះទេ គឺមានតែចំណេញប៉ុណ្ណោះ ព្រោះពួកគាត់លក់វិញត្រឹមតែ៥០ភាគរយនៃប្រាក់ដែលបានបង់ប៉ុណ្ណោះ គ្រាន់ និងបានប្រាក់យកទៅដោះទាល់បង់ធនាគារធ្វើដើមទុនរកស៊ីជាដើម ព្រោះពួកគាត់គ្មានសល់អ្វីទៀតទេ ។
ក្រុមហ៊ុនបានយកសោទៅកឹបទ្វារផ្ទះគាត់ និងផ្សាដែកបិទ ដាក់ស្លាកហាមឃាត់មិនឲ្យចូលទៅរស់នៅ ដែលជាការរឹបអូសយកផ្ទះរបស់គាត់ស្រស់តែម្ដង ប៉ុន្តែក្រុមហ៊ុននេះមិនបានប្រើពាក្យថា រឹបអូសនោះទេ បែរជានិយាយថា អនុវត្តន៍តាមគោលការណ៍របស់ក្រុមហ៊ុនទៅវិញ ។ កន្លងមកពួកគាត់បានស្នើសុំឲ្យក្រុមហ៊ុនដោះស្រាយ និងគោរពតាមកិច្ចសន្យា ប៉ុន្តែគ្មានដំណោះស្រាយទាល់តែសោះ គាត់ក៏បានដាក់សំណើរទៅកាន់ស្ថាប័ននានាជាច្រើនក៏នៅតែដដែលទើបពេលនេះបន្តធ្វើបាតុកម្មដុតសំបកកង់រថយន្តតវ៉ាបន្តទៀត ។ ការតវ៉ាលើកនេះក៏មិនខុសពីពេលកន្លងមកដែរ ពួកគាត់បានទាមទារនូវគោលការណ៍ចំនួន៤ចំណុចរួមមាន ៖ ១-បុរីត្រូវគោរពគោលការណ៍50% ២-បុរីត្រូវដោះស្រាយ៥០ភាគរយ ជូនម្ចាស់ផ្ទះដែលបុរីបានរឹបអូសរួច ។ ៣-បុរីត្រូវទិញផ្ទះចូលវិញក្នុងតម្លៃ៥០ភាគរយ សម្រាប់ផ្ទះដែលអតិថិជនគ្មានលទ្ធភាពបង់ប្រាក់រំលស់បន្ដទៅបុរី ។ ៤-បុរីត្រូវចេញលិខិតធានាទិញផ្ទះចូលវិញក្នុងតម្លៃ៥០ភាគរយ សម្រាប់អតិថិជនបង់ប្រាក់រំលស់បន្ដ ៕