មហាសេដ្ឋីជំនួញវ័យ៧៤ឆ្នាំរូបនេះ បានទទួលមរណភាពក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ នៅកន្លែងវិស្សមកាលដ៏ពេញនិយមមួយ Lago Ranco នៅភាគខាងត្បូងប្រទេសឈីលី។
ខុទ្ធកាល័យរបស់លោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អតីតប្រធានាធិបតីប្រទេសឈីលី លោក Sebastian Pinera ដែលជាមហាសេដ្ឋីជំនួញ ដែលកាន់តំណែងកំពូលរបស់ប្រទេសនៅអាមេរិកខាងត្បូងពីរដង បានទទួលមរណភាពនៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ។
សេចក្តីថ្លែងការណ៍ដដែល បាននិយាយកាលពីថ្ងៃអង្គារថា “វាជាការសោកស្តាយក្រៃលែង ដែលយើងប្រកាសពីការស្លាប់របស់អតីតប្រធានាធិបតីនៃសាធារណរដ្ឋស៊ីលី” ដោយបន្ថែមទៀតថា លោក Pinera អាយុ៧៤ ឆ្នាំបានស្លាប់នៅក្នុងកន្លែងវិស្សមកាលដ៏ពេញនិយមមួយ Lago Ranco ប្រហែល៩២០គីឡូម៉ែត្រ (៥៧០ម៉ាយ) ភាគខាងត្បូងនៃទីក្រុងសាន់ត្យាហ្គោ ។
រដ្ឋមន្ត្រីមហាផ្ទៃប្រទេសស៊ីលី លោកស្រី Carolina Toha បានបញ្ជាក់ពីការស្លាប់របស់អតីតប្រធានាធិបតី។ មិនទាន់មានព័ត៌មានលម្អិតបន្ថែមពីមូលហេតុនៃការគ្រោះថ្នាក់នេះទេ៕
ប្រភព៖ AL JAZEERA, ថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤