ព័ត៌មានជាតិ

« អបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក »

នៅព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអប​អរសាទរ​ខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)។ ពិធីនេះរៀបចំឡើងនៅទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក យ៉ាងមហោឡារឹកបំផុង ដោយមានការបង្ហាញកម្លាំងកងទ័ព និង​យុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានាចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក។

ការរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ហាការដ្ឋាន​កង​ទ័ព​ជើងគោក ក្នុងស្មារតីរំលឹកឡើងវិញ នូវវីរភាពដ៏ថ្លៃថ្លារបស់វីរជន និងវីរយុទ្ធ​នារីកងទ័ពជើងគោក ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិ មាតុភូមិ និង​ប្រជា​ជន ព្រមទាំងបន្តរួមចំណែកគោរព និងអនុវត្តនូវទស្សនៈវិស័យ កម្មវិធី នយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងវិធានការគន្លឹះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រយ:ពេល៤៥ ឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា កម្ពុជាកំពុងឈានទៅមុខឥតឈប់ឈរ និងស្ថិតនៅលើផ្លូវត្រូវ។ សម្ដេចធិបតីបញ្ជាក់ថា កងទ័ពគឺជាកម្លាំងដ៏សំខាន់ ដែលអាចបង្កជាសង្គ្រាម ហើយកងទ័ពក៏អាចបញ្ចប់សង្គ្រាម និងនាំមកនូវសុខសន្តិភាពផងដែរ។

សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងអរគុណដោយស្មោះចំពោះយោធិនទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត លះបង់ក្រុមគ្រួសារដែលជានិច្ចកាលតែងតែបានខិតខំព្យាយាមជម្នះឧបសគ្គតូចធំ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការបានយ៉ាងល្អ ជាមួយបណ្តាគ្រប់កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារនូវសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីជាដើម នាពេលកន្លងមក។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍រំលឹកថា ការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីឆ្នាំ១៩៩៩ គឺមានសារសំខាន់បំផុត ខណៈកងទ័ពជើងគោក បានចូលរួមប្រតិបត្តិការយ៉ាងសកម្ម ក្នុងការប្រមូលផ្គុំកងទ័ពគ្រប់ភាគីទាំងអស់ ចូលរួមក្នុងការអនុវត្តប្រកបដោយជោគជ័យ នូវនយោបាយ ឈ្នះឈ្នះ រួមទាំងបានការពារនូវយន្តការជាច្រើនទៀត ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។

សម្តេចធិបតីបានមានប្រសាសន៍អំពាវនាវជាថ្មីម្តងទៀត ដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ត្រូវតែការពារនូវសុខសន្តិភាពឲ្យខាងតែបានគ្រប់កាលៈទេសៈទាំងអស់ ខណៈដែលសន្តិភាពដែលយើងរកបានដោយកម្រនេះ នឹងធានាបាននូវការអភិវឌ្ឍប្រទេសជាតិរបស់យើង ឱ្យរីកចម្រើនបន្ថែមទៀត។ 

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដើម្បីពង្រឹងសមត្ថភាពកងទ័ព ត្រូវពង្រឹងសាលា ដើម្បីពង្រឹងសាលា ត្រូវពង្រឹងយោធាចារ្យ។សម្ដេចធិបតីបន្តថា កម្ពុជានឹងកសាងសាលា ហ្វឹកហ្វឺនបន្ថែមទៀត ដោយផ្ដោតលើជំនាញរថក្រោះ, កាំភ្លើងធំ និងការពារអាកាស។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន បញ្ជាក់ថា រឿងសមុទ្ររាម កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ ហើយកងទ័ពកម្ពុជាក៏គ្មានមូលដ្ឋាននៅលើដែនដីប្រទេសណាមួយដែរ លើកលែងតែកងកម្លាំងចូលរួមរក្សាសន្ដិភាពក្រោមឆត្រនៃអង្គការសហប្រជាជាតិ (UN) តែប៉ុណ្ណោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាគ្មានមហិច្ឆតាឈ្លានពានប្រទេសណានោះឡើយ ការបំពាក់យុទ្ធោបករណ៍ គឺគ្រាន់តែធ្វើពង្រឹងសមត្ថភាពការពារជាតិតែប៉ុណ្ណោះ។ សម្តេចធិបតីបានមានប្រសាសន៍បញ្ជាក់ទៀតថា ការអភិវឌ្ឍន៍សមត្ថភាពកងទ័ពជើងគោក ជើងទឹក និងជើងអាកាស គ្មានមហិច្ឆតាទៅគំរាមកំហែង ឬឈ្លានពានប្រទេសណាមួយនោះឡើយ៕

អត្ថបទពាក់ព័ន្ធ

Back to top button