ព័ត៌មានអន្តរជាតិ

អាមេរិកទម្លាក់ជំនួយស្បៀងអាហារពីលើអាកាសលើកដំបូងចូលទៅក្នុងតំបន់ហ្គាហ្សា

យោធា​អាមេរិក​បានទម្លាក់ជំនួយស្បៀងអាហារពីលើអាកាសលើកដំបូងរបស់ខ្លួន ចូលទៅក្នុងតំបន់ហ្គាហ្សា ក្នុង​គោលបំណង​កាត់បន្ថយ​ការខ្វះខាត​ស្បៀងអាហារ​ ដែលកំពុងកាន់តែ​អាក្រក់ទៅ។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក និង មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាល លោក ចូ ប៉ៃឌិន និយាយថា យោធារបស់សហរដ្ឋអាមេរិក និង ប្រទេសហ្ស៊កដានីបានទម្លាក់អីវ៉ាន់ ដែលមានផ្ទុកអាហារចូលទៅក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍ម្សិលមិញ។

ពួកគេនិយាយថា ប្រតិបត្តិការរួមបញ្ចូលគ្នានេះ ពាក់ព័ន្ធនឹងយន្តហោះដឹកជញ្ជូន C-130 ដែលទម្លាក់អាហារជាង៣៨,០០០ នៅតាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណេ។

នេះ​ជា​ការ​ផ្តល់​ជំនួយ​សង្គ្រោះតាមផ្លូវអាកាស​លើក​ដំបូង​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ចាប់​តាំង​ពី​ជម្លោះ​ចាប់​ផ្តើម​រវាង​អ៊ីស្រាអែល ​និង ​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន។

បញ្ជាការដ្ឋានកណ្តាលនិយាយថា ខ្លួនកំពុងរៀបចំផែនការបេសកកម្មបញ្ជូនបន្តដែលមានសក្តានុពល។ រដ្ឋបាល លោក ចូ ប៉ៃឌិន ក៏ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើជំនួយដឹកជញ្ជូនតាមសមុទ្រផងដែរ។

ក្បួនរថយន្តដឹកជំនួយត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់តែច្រកត្រួតពិនិត្យចំនួនពីរប៉ុណ្ណោះនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា។ នោះធ្វើឱ្យអីវ៉ាន់មានការពិបាកទៅដល់តំបន់ភាគខាងជើង ដែលត្រូវបានគេនិយាយថា ជិតដល់គ្រោះទុរ្ភិក្ស។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ ប៉ៃឌិន បានប្រកាសកាលពីថ្ងៃសុក្រអំពីផែនការក្នុងការបញ្ជូនជំនួយតាមផ្លូវអាការទៅកាន់តំបន់ហ្គាហ្សា នៅប៉ុន្មានថ្ងៃខាងមុខ។

លោក​បាន​បន្ត​ថា​ ប្រជាជន​មានការអស់សង្ឃឹម​ខ្លាំង​ណាស់​ ដែល​ប្រជាជន​ស្លូតត្រង់​ត្រូវ​បាន​ជាប់​ក្នុង​សង្គ្រាម​ដ៏​អាក្រក់មួយនេះ មិនអាច​ចិញ្ចឹម​បីបាច់ថែរក្សាគ្រួសាររបស់ពួគេ​បាន​។

រដ្ឋបាល លោក ចូ ប៉ៃឌិន ត្រូវបានរងការរិះគន់ចំពោះការបន្តផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល ចំពេលមានវិបត្តិមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា។ ការទម្លាក់​ស្បៀងអាហារតាមផ្លូវអាកាសលើកដំបូង​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ការ​ប៉ុនប៉ង​ដើម្បី​ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ។

វីដេអូដែលត្រូវបានថតដោយបុគ្គលិកកាមេរ៉ារបស់ទូរស្សន៍ NHK ពីការិយាល័យនៅក្នុងតំបន់ហ្គាហ្សា បង្ហាញពីចំនួនយន្តហោះដឹកជញ្ជូនធំៗជាច្រើន បានទម្លាក់អ្វីដែលហាក់ដូចជាការផ្គត់ផ្គង់ជំនួយដោយឆ័ត្រយោងលើតំបន់ឆ្នេរ។ ក្រុមនាវិកបានថតវីដេអូនៅក្នុងទីក្រុង Rafah ភាគខាងត្បូងនៅម៉ោងប្រហែល៤រសៀល ថ្ងៃសៅរ៍ ម៉ោងក្នុងស្រុក។

អ្នកស្រុកនៅតំបន់ហ្គាហ្សានិយាយថា ពួកគេពេញចិត្តចំពោះការផ្គត់ផ្គង់ដែលបានទម្លាក់ពីលើអាកាស ប៉ុន្តែមានមនុស្សជាច្រើនក៏កំពុងអំពាវនាវឱ្យមានការកើនឡើងនៃការចែកចាយតាមរថយន្ត ដែលនឹងធានាបាននូវការផ្គត់ផ្គង់អីវ៉ាន់ឋិតថេរ៕

ប្រភព៖ NHK, ថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤

អត្ថបទពាក់ព័ន្ធ

Back to top button