រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានទៅដល់ទីក្រុងគៀវ នៃប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញពីការគាំទ្រដ៏យូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ប្រទេសអ៊ុយក្រែន ក្នុងការប្រឈមមុខនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី ដែលកំពុងបន្ត។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា លោក Blinken នឹងជួបជាមួយមេដឹកនាំរដ្ឋាភិបាលអ៊ុយក្រែន រួមទាំងប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី និង រដ្ឋមន្ត្រីការបរទេស លោក Dmytro Kuleba។ ពួកគេត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបច្ចុប្បន្នភាពនៃសមរភូមិ ផលប៉ះពាល់នៃសន្តិសុខ និង ជំនួយសេដ្ឋកិច្ចថ្មីរបស់សហរដ្ឋអាមេរិក និង ការងារដែលកំពុងដំណើរការ ដើម្បីជម្រុញការស្ទុះងើបសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន។
ការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនបានបន្តកាលពីខែមុន បន្ទាប់ពីសភាបានអនុម័តកញ្ចប់ជំនួយបរទេស ដែលបានពន្យារពេលជាយូរមកហើយ រួមបញ្ចូលទាំងជំនួយដល់ប្រទេសអ៊ុយក្រែន។ ការពន្យារពេលនេះ បណ្តាលមកពីការខ្វែងគំនិតគ្នារវាងគណបក្សប្រជាធិបតេយ្យ និង គណបក្សសាធារណរដ្ឋ។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ជំនួយយោធាចំនួន ៤០០ លានដុល្លារសហរដ្ឋអាមេរិក ដែលរួមបញ្ចូលទាំងគ្រឿងអាវុធបន្ថែមសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot កាំភ្លើងធំ និង រថពាសដែក។
រដ្ឋាភិបាលសហរដ្ឋអាមេរិកគ្រោងនឹងពន្លឿនការបញ្ជូនការផ្គត់ផ្គង់យោធានេះដល់ទីក្រុងគៀវ នៅពេលមួយ នៅពេលដែលរុស្ស៊ីកំពុងបន្តការវាយប្រហាររបស់ខ្លួនចូលទៅក្នុងតំបន់ភាគឦសាននៃតំបន់ Kharkiv របស់ប្រទេសអ៊ុយក្រែន៕ ប្រភព៖ NHK