ជាការពិត ពាក្យថាបំណុលគឺមិនមែនសំដៅលើភាពអវិជ្ជមានទាំងស្រុងនោះទេ ពោលគឺបំណុលមាន គុណសម្បត្តិ និងគុណវិបត្តរបស់វា។ ការជាប់បំណុលនៅតាមស្ថាប័នផ្លូវការដូចជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ គឺស្មើទៅនឹងបំណុលល្អ ដោយហេតុថាអតិថិជនម្នាក់ៗត្រូវឆ្លងកាត់ការវាយ តម្លៃត្រឹមត្រូវ មុននឹងទទួលបានកម្ចី។
រីឯការជាប់បំណុលក្រៅផ្លូវការ គឺមូលហេតុសំខាន់មួយដែលអាចនាំឱ្យប្រជាជនធ្លាក់ចូលក្នុងបំណុល លើសលប់ ដោយសារតែការប្រាក់ខ្ពស់ រីឯដំណើរការផ្ដល់កម្ចីគឺធ្វើឡើងដោយមិនបានសិក្សាពីលទ្ធ ភាពសងត្រឡប់ឱ្យបានច្បាស់លាស់។ ប៉ុន្តែយ៉ាងណា ប្រសិនបើបានធ្លាក់ចូលទៅក្នុងបញ្ហាបំណុលលើសលប់ទៅហើយនោះ អ្នកជំនាញបានណែនាំនូវដំណោះស្រាយមួយចំនួន។
លោក កាំង តុងងី ប្រធាននាយកទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា ចំណុចដំបូងដែលគួរធ្វើគឺ ថែរក្សាផ្លូវកាយ និងផ្លូវចិត្តរបស់ខ្លួនឯងឱ្យបានល្អ។ នៅពេលដែលបុគ្គលម្នាក់ជួបប្រទះបញ្ហាអ្វីមួយ បុគ្គលនោះច្រើនតែមិនបានមើលថែខ្លួនឯងដិតដល់ ដែលអាចជា មូលហេតុធ្វើឱ្យសុខភាពធ្លាក់ទ្រុឌទ្រោមជាដើម។
អ្នកជំនាញរូបនេះបានបន្តឱ្យដឹងទៀតថា៖ «កាលណាបុគ្គលអាចថែទាំសុខភាពខ្លួនឯងបានល្អហើយ រូបគេក៏ងាយស្រួលក្នុងការដោះស្រាយបញ្ហាផងដែរ។»
ចំណុចបន្ទាប់ទៅទៀតគឺ កាត់បន្ថយចំណាយ។ ក្រោយពីបានថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តហើយ អ្នកជំនាញបានបន្តណែនាំឱ្យបុគ្គលនោះពិនិត្យមើលទៅលើចំណាយប្រចាំថ្ងៃរបស់ខ្លួន ដើម្បីរកឱ្យឃើញនូវចំណាយទាំងឡាយណាដែលមិនចាំបាច់។ ចំណាយមិនចាំបាច់ដូចជា ការដើរលេងកម្សាន្ដ ការទិញសម្ភារៈនិយម ការជួបជុំគ្នាជាមួយមិត្តភក្កិជាដើម គឺជាអ្វីដែលអាចកាត់បន្ថយបាន។
ការកាត់បន្ថយចំណាយតែមួយមុខក៏មិនទាន់គ្រប់គ្រាន់ដែរ វាក៏ទាមទារឱ្យបុគ្គលនោះរិះរកវិធីដើម្បី បង្កើនចំណូលបន្ថែម ដូច្នេះទើបគេអាចមានលទ្ធភាពសងត្រឡប់ទៅកាន់ម្ចាស់បំណុលវិញ។
ចំណុចសំខាន់ចុងក្រោយដែលអ្នកជំនាញខាងលើបានលើកឡើងផងដែរនោះ គឺការចរចា។ ត្រង់ចំណុចនេះ លោកក៏បានគូសបញ្ជាក់ផងដែរថា ស្ថាប័នផ្លូវការតែងតែបើកចំហរក្នុងការចរចា ជាមួយអតិថិជន ដើម្បីរកដំណោះស្រាយរួមគ្នា ដូច្នេះទាមទារឱ្យអតិថិជនខ្លួនឯងហ៊ានបើកចំហរ ដើម្បីប្រាប់ពីបញ្ហារបស់ខ្លួនទៅកាន់ស្ថាប័នផងដែរ។
ជាក់ស្ដែង ប្រសិនបើអតិថិជនណាម្នាក់បាត់បង់ប្រភពចំណូល ឬប្រភពចំណូលធ្លាក់ចុះ គ្រឹះស្ថាននឹង ជជែក ដើម្បីរៀបចំកាលវិភាគសងត្រឡប់ឡើងវិញ ឱ្យសមស្របទៅនឹងប្រភពចំណូលបច្ចុប្បន្នរបស់ អតិថិជនរូបនោះ។
ជាចុងក្រោយ លោកក៏បានក្រើនរំលឹកទៅដល់ប្រជាជនផងដែរ ឱ្យមានការប្រុងប្រយ័ត្នចំពោះកម្ចីក្រៅ ផ្លូវការដូចជា កម្ចីឯកជន និងកម្ចីអនឡាញ ដែលកម្ចីទាំងនេះមិនស្ថិតក្រោមការពាររបស់ច្បាប់នោះទេ៕