ព័ត៌មានសេដ្ឋកិច្ច

អ្នកជំនាញសេដ្ឋកិច្ច៖ កម្ពុជាមានកម្លាំងពលកម្មគ្រប់គ្រាន់ត្រៀមចាំការវិនិយោគធំៗពីកូរ៉េ

កាលពីខែឧសភាកន្លងទៅថ្មីៗនេះ សម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើដំណើរទស្សនៈកិច្ចជាផ្លូវការ​ទៅកាន់សារធារណៈរដ្ឋកូរ៉េ។ ក្រោយដំណើរទស្សនៈកិច្ចនោះ កម្ពុជាទទួលបានសមិទ្ធផលជាច្រើន ដែលសមិទ្ធផលទាំងនោះសុទ្ធសឹងតែផ្ដល់ប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។

ក្នុងនោះ កម្ពុជា-កូរ៉េ ក៏មានការព្រមព្រៀងគ្នា​ក្នុងការ​រៀបចំវេទិកាធុរកិច្ចរវាងកម្ពុជា-កូរ៉េ និងការស្នើរ​សុំឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ នៅប្រទេសកម្ពុជាផងដែរ។ កិច្ចព្រមព្រៀងទាំងអស់នេះ គឺជាការបើកផ្លូវឱ្យវិនិយោគិនកូរ៉េចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ទាក់ទិននឹងចំណុចនេះ លោកបណ្ឌិត ហុង វណ្ណៈ  អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានឱ្យដឹងថា រហូតមកដល់ពេលនេះ តំបន់សេដ្ឋកិច្ចពិេសេសកម្ពុជា-កូរ៉េ គឺស្ថិតក្នុងដំណាក់កាល រៀបចំហើយ។ 

លោកបណ្ឌិតបន្តឱ្យដឹងទៀតថា៖ «ថ្វីត្បិតតែមិនទាន់មានដំណឹងថាតំបន់សេដ្ឋកិច្ចពិសេស​នេះនឹងលេចរូបរាងឡើងនៅពេលជាក់លាក់ណាមួយក្ដី ប៉ុន្តែបច្ចុប្បន្នគេបានប៉ានស្មានថា មានប្រហែលជា ៤០គម្រោង គ្រោងនឹងចូលទៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេសនេះ។ ក្នុងនោះ ២០គម្រោងកំពុងតែដំណើរការរដ្ឋបាល ចុះបញ្ជី។»

បើតាមការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត គឺតំបន់នេះនឹងអាចបង្កើតការងារបានរាប់ពាន់​កន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ បើទោះបីជាតំបន់នេះអាចនឹងមានតម្រូវការកម្លាំងពលកម្មច្រើន ប៉ុន្តែលោកយល់ថា កម្ពុជានឹងមិនប្រឈមមុខក្នុងការខ្វះកម្លាំងពលកម្មនោះទេ។

អ្វីដែលកាន់តែល្អទៅទៀតនោះ គឺរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កំពុងតែប្រឹងប្រែងជំរុញការបណ្ដុះ បណ្ដាលកម្លាំងពលកម្មជំនាញ ដើម្បីឱ្យប្រជាជនកម្ពុជាមានលទ្ធភាពក្នុងការចាប់យកឱកាសការងារ ទាំងនោះ។

ដោយឡែក សម្រាប់ដំណើរទស្សនៈកិច្ចរបស់សម្ដេចធិបតីទៅកាន់ប្រទេសកូរ៉េខាងត្បូង​កាលពី​ពេលថ្មីៗនេះ លោកបណ្ឌិតបានបញ្ជាក់ថា ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀង និងអនុសារណៈ យោគយល់ចំនួន៦។ ដូច្នេះ លោកមានក្ដីរំពឹងថា ការវិនិយោគរបស់កូរ៉េនៅកម្ពុជា នឹងកើនឡើង ជាលំដាប់។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជា និងកូរ៉េ មានទំហំសរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ខណៈដែលការវិនិយោគរបស់កូរ៉េ នៅកម្ពុជា ក្នុងទំហំទឹកប្រាក់សរុបជាង ៥ពាន់លានដុល្លារ៕

អត្ថបទពាក់ព័ន្ធ

Back to top button