ភ្នំពេញ : ជាទូទៅ ក្នុងការប្រើប្រាស់កម្ចីផ្លូវការ អតិថិជនភាគច្រើនដឹងអំពីទំនួលខុសត្រូវសំខាន់មួយគឺ សងត្រឡប់ឱ្យបានទៀងទាត់។ ប៉ុន្តែជាក់ស្ដែង ទំនួលខុសត្រូវក្នុងនាមជាអ្នកប្រើប្រាស់កម្ចី គឺមានលើសពីការសងត្រឡប់ទៅទៀត។
កង្វះការយកចិត្តទុកដាក់ទៅលើសិទ្ធិ និងទំនួលខុសត្រូវរបស់ខ្លួននេះ ក៏ជាមូលហេតុមួយដែល នាំឱ្យកើតមាននូវបញ្ហារវាងអតិថិជន និងស្ថាប័នផ្ដល់កម្ចីផងដែរ។
ទាក់ទិននឹងករណីនេះ លោក ទិត្យ កំរង ដែលជាស្ថានិក និងជានាយកប្រតិបត្តិក្រុមហ៊ុន ឬទ្ធិពល និងកត់លុយ បានឱ្យដឹងថា ជាធម្មតា នៅមុនពេលដែលទទួលកម្ចី មន្ត្រីឥណទាននឹងពន្យល់អំពីលក្ខខណ្ឌចាំបាច់នានាទៅកាន់អតិថិជន តាមរយៈឯកសារកិច្ចសន្យា។
នៅក្នុងកិច្ចសន្យាទាំងនោះ នឹងមានចែងអំពីលក្ខខណ្ឌក្នុងការសងត្រឡប់ ព្រមទាំងគោលការណ៍ ដោះស្រាយមួយចំនួនក្នុងករណីដែលអតិថិជនមិនមានលទ្ធភាពសងជាដើម។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក។
អ្នកជំនាញរូបនេះលើកឡើងផងដែរថា៖ «ធនាគារ ឬមីក្រូហិរញ្ញវត្ថុមានគោលការណ៍ច្រើនក្នុងការ ដោះស្រាយបញ្ហាដែលអាចកើតឡើង ដូច្នេះទាមទារឱ្យអតិថិជនចេះស្វែងយល់បន្ថែមនូវគោល ការណ៍ទាំងនោះ»។
ឧទាហរណ៍ជាក់ស្ដែង នៅពេលុដែលអតិថិជនបាត់បង់ចំណូល ដែលនាំឱ្យប៉ះពាល់ដល់លទ្ធភាព សងត្រឡប់ អតិថិជនអាចជជែកអំពីបញ្ហានេះជាមួយធនាគារ ឬមីក្រូហិរញ្ញវត្ថុ ក្នុងការរៀបចំឥណទានឡើងវិញជាដើម។
លើសពីនោះ ក្នុងករណីដែលអតិថិជនមិនពេញចិត្តចំពោះសេវាកម្ម ឬដំណោះស្រាយរបស់គ្រឹះស្ថានផ្ដល់កម្ចី អតិថិជនក៏អាចស្វែងរកការសម្របសម្រួលពីសមាគមន៍ធនាគារ ឬសមាគមមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ដែលលេខទំនាក់ទំនងគឺមាននៅក្នុងកិច្ចសន្យាស្រាប់។
អ្នកជំនាញដដែលបន្តគូសបញ្ជាក់ទៀតថា ជារួមអ្នកប្រើប្រាស់កម្ចីផ្លូវការ មិនមែនមានតួនាទីត្រឹមតែសងត្រឡប់នោះទេ ប៉ុន្តែត្រូវដឹងអំពីគោលការណ៍ដោះស្រាយបញ្ហាមួយចំនួនទៀតរបស់ ភាគីធនាគារ ឬមីក្រូហិរញ្ញវត្ថុផងដែរ។
ការយល់ដឹងអំពីសិទ្ធ និងទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាអ្នកប្រើប្រាស់កម្ចីនេះ ក៏នឹងផ្ដល់ផល ប្រយោជន៍ជាច្រើន ដោយវាអាចបញ្ចៀសអតិថិជន និងគ្រឹះស្ថាន ក្នុងការធ្វើទង្វើណាមួយដែលខុស ពីលក្ខខណ្ឌដែលបានចែង។
វាក៏ជាមូលហេតុមួយក្នុងការចងអតិថិជន ជាមួយនឹងគ្រឹះស្ថានផ្ដល់កម្ចី ឱ្យគោរពតាមនិតិវិធី និងដឹងអំពីអ្វីដែលគួរធ្វើ នៅពេលមានបញ្ហា៕