សមាគមអ្នកជួញដូរនិងគ្រប់គ្រងទីផ្សារមាសពិភពលោកWorld Gold Councilហៅកាត់ថាWGCបានពន្យល់អំពីស្ថានភាពនៃឧស្សាហកម្មរុករករ៉ែមាសថាបច្ចុប្បន្នកំពុងជួបបញ្ហាក្នុងការថែរក្សាឲ្យបាននូវកំណើនផលិតភាពដោយសារតែការរុករកទីតាំងរ៉ែមាសថ្មីៗកាន់តែជួបភាពលំបាកខ្លាំងឡើង។
ទិន្នន័យដែលត្រូវបានបង្ហាញចេញពីសមាគមនេះបានបង្ហាញថាផលិតកម្មផលិតមាសបានកើនឡើងតិចតួចត្រឹមតែ០,៥ភាគរយប៉ុណ្ណោះកាលពីក្នុង២០២៣ខណៈដែលកាលពីឆ្នាំ២០២២កំណើននេះមានប្រមាណជា១,៣៥ភាគរយជារៀងរាល់ត្រីមាសហើយកាលពីឆ្នាំ២០២១វាមានអត្រាកើនឡើង២,៧ភាគរយ។
ប្រធានផ្នែកទីផ្សាររបស់ WGC លោក John Reade បានថ្លែងថា៖ពួកយើងបានមើលឃើញនៅត្រីមាសដំបូងផលិតកម្មផលិតមាសក្នុងឆ្នាំ២០២៤ទទួលបានកំណើនដល់កំណត់ត្រាឬប្រមាណជា៤ភាគរយធៀបទៅនឹងឆ្នាំចាស់ប៉ុន្តែបើយើងមើលទៅរូបភាពដែលគួរឲ្យព្រួយបារម្ភវិញនោះគឺថាទំហំនេះគឺប្រហាក់ប្រហែលទៅនឹងទំហំដែលធ្វើបានកាលពីឆ្នាំ២០១៦និងឆ្នាំ២០១៨ដែលមានន័យថាវាមិនមានកំណើនអ្វីទាល់តែសោះ។
លោក Reade បានរៀបរាប់ទៀតថា៖បច្ចុប្បន្នស្ថានភាពក្នុងការស្វែងរកនិងរុករករ៉ែមាសថ្មីៗកាន់តែលំបាកនៅទូទាំងពិភពលោកហើយទោះបីជាទីតាំងថ្មីៗជាច្រើនកន្លែងក៏ត្រូវបានគេចាប់ផ្តើមរុករកក៏ដោយ។
លោកបន្តថាផលិតកម្មផលិតរ៉ែមាសសម្រាប់ទីតាំងថ្មីៗមិនមែនជារឿងងាយស្រួលទេពីព្រោះថាវាទាមទារពេលវេលាក្នុងការអភិវឌ្ឍនិងរុករកដែលជាទូទៅត្រូវចំណាយពេលវេលាដល់ទៅ១០ឬ២០ឆ្នាំមុនពេលដែលរ៉ែមាសដែលជីកបានអាចយកចូលទៅក្នុងផលិតកម្មកែច្នៃបានហើយជឿជាក់ថាមកទល់ពេលនេះ១០ភាគរយនៃទីតាំងរ៉ែមាសដែលរកឃើញថ្មីដែលអាចមានគុណភាពរ៉ែមាសយកមកផលិតនិងកែច្នៃបាន។
បន្ថែមលើសពីនេះវាចាំបាច់ត្រូវការធ្វើការជាមួយនឹងរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗក្នុងការដំណើរការផ្លូវច្បាប់និងអជ្ញាបណ្ណមុនពេលដែលក្រុមហ៊ុនទាំងឡាយអាចប្រតិបត្តិការរុករកបានហើយកិច្ចការងារនេះអាចនឹងប្រើប្រាស់ពេលវេលា២ឬ៣ឆ្នាំផងដែរ៕