ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសុពលភាព និងចូលកាន់តំណែងក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ នៃ ពហុកីឡដ្ឋានជាតិ។
ក្នុងពិធីខាងលើ ឯកឧត្ដម ឈន សុភាព ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សានៃពហុកីឡដ្ឋានជាតិ និងឯកឧត្ដម សេង តុលា នាយកប្រតិបត្តិនៃពហុកីឡដ្ឋានជាតិ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្តល់ អនុសាសន៍សំខាន់មួយចំនួនផងដែរ ដែលមានក្លិបសារដូចខាងក្រោម ៖
ទី១. ក្រុមប្រឹក្សាភិបាលនៃពហុកីឡដ្ឋានជាតិ, ដែលត្រូវបានតែងតាំងជាផ្លូវការរួចហើយ, ត្រូវរៀបចំកិច្ចប្រជុំ លើកទី ១ របស់ខ្លួន ឲ្យបានឆាប់តាមការអាចធ្វើទៅបាន ដើម្បីពិនិត្យ, ពិភាក្សា, និងអនុម័តលើសេចក្តីព្រាងឯកសារអាទិភាពមួយចំនួន មានជាអាទិ៍៖ អនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃពហុកីឡដ្ឋានជាតិ, ប្រកាស អន្តរក្រសួង ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃពហុកីឡដ្ឋានជាតិ, គម្រោងថវិកា ឆ្នាំ ២០២៤ និង ២០២៥, ការស្នើសុំកំណត់ប្រាក់ឧបត្ថម្ភ សម្រាប់ថ្នាក់ដឹកនាំ និង មន្រ្តី-បុគ្គលិក ព្រមទាំងការជ្រើសរើស មន្រ្តី-បុគ្គលិក សម្រាប់បម្រើការងារនៅពហុកីឡដ្ឋានជាតិ ។
ទី២. ក្នុងអន្តរកាលនៃការគ្រប់គ្រងពហុកីឡដ្ឋានជាតិមរតកតេជោ, ខ្ញុំសូមស្នើឱ្យ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមាននាយកដ្ឋានគ្រប់គ្រងពហុកីឡដ្ឋានជាតិ មរតកតេជោ ជាសេនាធិការ, ផ្តល់កិច្ចសហការល្អ និង ជិតស្និទ្ធជាមួយគណៈគ្រប់គ្រងពហុកីឡដ្ឋានជាតិ ក្នុងការប្រគល់ទទួលឯកសារ និង ការផ្ទេរការងារពាក់ព័ន្ធ នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ជាបណ្តើរៗ ដោយត្រូវបញ្ចប់នៅមុនដំណាច់ ឆ្នាំ ២០២៤ នេះ ។
ទី៣. ក្នុងរយៈពេលពីរឆ្នាំខាងមុខ, ខ្ញុំស្នើឲ្យមានការគិតគូរជាបណ្តើរៗ លើការដាក់បញ្ចូល ពហុកីឡដ្ឋានជាតិអូឡាំពិក និង កីឡដ្ឋានផ្សេងទៀត ស្ថិតនៅក្រោមការគ្រប់គ្រង របស់គ្រឹះស្ថានពហុកីឡដ្ឋានជាតិ ស្របតាមខ្លឹមសារនៃអនុក្រឹត្យ លេខ ៣៩ អនក្រ. បក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៤ ។ ក្នុងទិសដៅនេះ, ខ្ញុំសូមស្នើក្រសួងអប់រំ យុវជន និង កីឡា បង្កើតក្រុមការងារចំពោះកិច្ចមួយ ដោយមានសមាសភាពពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និង វាយតម្លៃស្ថានភាព នៃ ពហុកីឡដ្ឋានជាតិអូឡាំពិក និង ធ្វើរបាយការណ៍គោរពជូន សម្តេចធិបតី នាយករដ្ឋមន្រ្តី ជ្រាបពិនិត្យសម្រេច និង ផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ ជាយថាហេតុ ។
ទី៤. ក្នុងខណៈដែលថវិកាសម្រាប់ដំណើរការពហុកីឡដ្ឋានជាតិនេះ ក្នុងឆ្នាំ ២០២៤ មិនទាន់ត្រូវបានគ្រោងនៅឡើយ ដើម្បីដោះស្រាយតាមតម្រូវការចំណាយចំពោះមុខ រហូតដល់ដំណាច់ឆ្នាំ។ ខ្ញុំស្នើឲ្យអគ្គនាយកដ្ឋានថវិកា និង អគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សហការជាមួយក្រសួងអប់រំ យុវជន និង កីឡា ដែលជាអាណាប័កដើមខ្សែ ពិនិត្យលទ្ធភាពផ្តល់ថវិកា ជូនដល់ពហុកីឡដ្ឋានជាតិ តាមយន្តការបុរេប្រទាន ដូចធ្លាប់បានអនុវត្តជាមួយមន្ទីរពេទ្យលួងម៉ែ និង មន្ទីរពេទ្យ តេជោសន្តិភាព ។ ដោយឡែកចាប់ពីឆ្នាំ ២០២៥ ទៅពហុកីឡដ្ឋានជាតិ ត្រូវអនុវត្ត ថវិកា តាមយន្តការជាគ្រឹះស្ថានសាធារណៈរដ្ឋបាលពេញលេញ។
ទី៥. ខ្ញុំសូមស្នើឲ្យគណៈគ្រប់គ្រងពហុកីឡដ្ឋានជាតិ ពិនិត្យ និង សិក្សាលម្អិតអំពីលទ្ធភាព នៃការវិនិយោគបន្ថែម លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់មួយចំនួន ក្នុងទីតាំងដែលមានស្រាប់ និង ការបង្កើតសេវាថ្មី សម្រាប់រកចំណូលបន្ថែម ដើម្បី មានលទ្ធភាពចិញ្ចឹមពហុកីឡដ្ឋាជាតិ ប្រកបដោយនិរន្តរភាព និង ដើម្បីអាចប្រើប្រាស់ សម្រាប់ការទទួលរៀបចំព្រឹត្តិការណ៍ធំៗ ទាំងកម្រិតជាតិ និង អន្តរជាតិ ។
ទី៦. ដោយពហុកីឡដ្ឋានជាតិមរតកតេជោ មានទីតាំងឆ្ងាយពីទីប្រជុំជន, ខ្ញុំសូមស្នើឲ្យ គណៈគ្រប់គ្រងពហុកីឡដ្ឋានជាតិ យកចិត្តទុកដាក់បន្ថែម លើគុណភាពសេវា បរិស្ថាន អនាម័យ សុវត្ថិភាព និង សន្តិសុខ នៅក្នុងបរិវេណ និង នៅជុំវិញ ពហុកីឡដ្ឋានជាតិ ដើម្បីបង្កើនភាពទាក់ទាញ ឲ្យប្រជាពលរដ្ឋ ទាំងអ្នករស់នៅជិតតំបន់នេះ និង អ្នកនៅឆ្ងាយ ក៏អាចមកលេងកំសាន្ត ដោយសេចក្តីរីករាយ និង បង្កើត ការចងចាំបានល្អៗ ។
ទី៧. ខ្ញុំសូមអំពាវនាវក្រសួង-ស្ថាប័នសាធារណៈ និង វិស័យឯកជន ផ្តល់ការគាំទ្រដល់ ពហុកីឡដ្ឋានជាតិ តាមរយៈការប្រើប្រាស់សេវា និង ការជួលទីតាំង សម្រាប់រៀបចំ កម្មវិធីផ្សេងៗ ដែលទាក់ទងនឹងកីឡា វប្បធម៌ សិល្បៈ ការកំសាន្ត និង ការតាំងពិព័រណ៌៕