រយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ១០ពាន់លានដុល្លារ កើនឡើង១០.៨៨% ខណៈការនាំចូលមានជាង ១១ពាន់លានដុល្លារ កើនឡើង១៣.៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។
ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបក្នុងអំឡុងពេលនេះបានកើនឡើង១១,៨៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯការនាំចេញ និងនាំចូលរវាងកម្ពុជា និងសហភាពអ៉ឺរុប បានកើនឡើង ៤,១៨ ភាគរយដល់ ១,៨៨ ពាន់លានដុល្លារ។
ប្រទេសអាល្លឺម៉ង់ និងអេស្ប៉ាញជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជានៅសហភាពអឺរ៉ុបដែលមានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៣៨៩ លានដុល្លារ និង ៣៥៧ លានដុល្លាររៀងៗគ្នា។
ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ ផ្លែឈើ និងគ្រាប់ផ្លែឈើ ដែលអាចបរិភោគបាន ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ស្បែកជើង កៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ ព្រមទាំងទំនិញសំខាន់ៗផ្សេងទៀត ទៅកាន់សហភាពអឺរ៉ុប ក្រោមគម្រោង EBA។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាននិយាយថា ការកើនឡើងនៃទំហំនាំ ចេញរបស់កម្ពុជាទៅកាន់សហភាពអ៉ឺរុបនេះ ជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យអាទិភាព។
អ្នកឧកញ៉ា បន្តឱ្យដឹងដែរថា គំនិតផ្តួចផ្តើម EBA ដែលផ្តល់ពន្ធអនុគ្រោះសម្រាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុបបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញពាណិជ្ជកម្មកម្ពុជា-អ៉ឺរុប។
ជាមួយគ្នានេះ សហភាពអឺរ៉ុបក៏ជាអ្នកទិញអង្ករច្រើនជាងគេរបស់កម្ពុជាផងដែរ ដោយការនាំចេញអង្ករទៅសហភាពអឺរ៉ុបមានចំនួន ៤៥ ភាគរយនៃការនាំចេញអង្ករសរុបរបស់កម្ពុជាចំនួន ៣០២ ៥២៩ តោន។
យោងតាមតួលេខពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបង្ហាញថា សហភាពអឺរ៉ុបបាននាំចូលអង្ករពីកម្ពុជាចំនួន១៣៦.៥២៨ តោន ដែលមានតម្លៃ១០៤ លានដុល្លារក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ។
ដើម្បីជំរុញទំហំពាណិជ្ជកម្ម រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំជាមួយសហភាពអឺរ៉ុប។ ការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អការសម្របសម្រួលពាណិជ្ជកម្ម សម្រួលបទប្បញ្ញត្តិ និងលើកកម្ពស់គុណភាពផលិតផល ត្រូវបានគេរំពឹងថានឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូដ៏សំខាន់នេះ៕