ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤នេះ កម្ពុជាបានផលិតគ្រាប់ស្វាយចន្ទីឆៅជាង ៨១ តោន ក្នុងនោះនាំចេញទៅវៀតណាមបានសរុបជាង ៧ សែន ៤ ម៉ឺនតោ (៧៤៤ ៣០០) ស្មើទឹកប្រាក់ ៩៥៦ លានដុល្លា កើនឡើង ២៩%។ នេះបើតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។
បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីជាមធ្យមគឺ គ្រាប់ស្ងួតមានតម្លៃ ១ ៧៣០ ដុល្លារក្នុង១ តោន។ ចំណែកឯកត្តាដែលនាំឱ្យការនាំចេញស្វាយចន្ទីកើន គឺមួយផ្នែកបានមកពីការអំពាវនាវរបស់សមាគម ទៅកាន់សមាជិកសមាគមស្វាយចន្ទីកម្ពុជាទូទាំងប្រទេស ឱ្យហាលគ្រាប់ទុកក្នុងពេលដែលតម្លៃធ្លាក់ចុះកាលពីពេលកន្លងទៅ។
ជាមួយគ្នានេះ ប្រធានសមាគមរូបនេះក៏បានគូសបញ្ជាក់ផងដែរថា មូលហេតុគ្រាប់ស្វាយចន្ទីឆៅមាន លំហូរនាំចេញទៅកាន់ប្រទេសជិតខាងច្រើន គឺដោយសារតែ សហគ្រាសក្នុងស្រុកខ្វះលទ្ធភាពទុនបង្វិលទិញគ្រាប់ស្វាយចន្ទីទុកសម្រាប់កែច្នៃ។
ទោះបីជាយ៉ាងនេះក្ដី លោកនៅតែអំពាវនាវស្វែងរកប្រភពទុនសម្រាប់សហគ្រាសក្នុងស្រុក ដើម្បីជំរុញលទ្ធភាពកែច្នៃក្នុងស្រុក សំដៅបន្ថែមតម្លៃ ក៏ដូចជាពង្រីកទីផ្សារផងដែរ។
គួររំលឹកថា នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ ៦០០០តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕