ទេសចរណ៍ព័ត៌មានជាតិ

៦ថ្ងៃទៀត ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌានឹងចាប់បើកជាផ្លូវការ ខណៈអ្នកជំនាញរំពឹងខ្ពស់លើទេសចរឥណ្ឌា

នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ជើងហោះហើរត្រង់ទៅមករវាង​កម្ពុជា និងឥណ្ឌា នឹងចាប់ដំណើរការជាផ្លូវការ។ ការបើកជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌានេះដែរ​ធ្វើឡើងស្រប​ពេលដែលកម្ពុជារៀបចំយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១»។

បើតាមអ្នកជំនាញ ឥណ្ឌា គឺជាទីផ្សារទេសចរណ៍ដ៏ធំមួយ​សម្រាប់ពិភពលោកបន្ទាប់ពីចិន​ដូច្នេះ​ហើយ ជើងហោះហើរត្រង់លើកដំបូងនេះនឹងក្លាយជាឱកាសក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា​ឱ្យមានសន្ទុះកាន់តែខ្លាំង។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានគូសបញ្ជាក់ថា ​ប្រសិនបើឥណ្ឌា​ចាប់អារម្មណ៍ត្រឹមតែ ៥% ទៅ១០% នឹងចូលរួមចំណែកជំរុញ​កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈ​វិស័យ​ទេសចរណ៍ ខណៈដែលកន្លងមកកម្ពុជាទទួលបានភ្ញៀវ​ឥណ្ឌាក្នុងកម្រិតមធ្យមប៉ុណ្ណោះ​ ដោយសារតែគ្មានជើងហោះហើរត្រង់។

នៅពេលដែលមិនមានជើងហោះហើរត្រង់ ភ្ញៀវទេសចរនឹងត្រូវធ្វើដំណើរតាមជើងហោះហើររបស់​ប្រទេសជិតខាង ហើយចង់ ឬមិនចង់ ភ្ញៀវនឹងស្នាក់នៅក៏ដូចជាចាយវាយនៅក្នុងប្រទេសនោះ។ ផ្ទុយទៅវិញ ប្រសិនបើកម្ពុជាមានជើងហោះហើរត្រង់ កញ្ចប់ថវិការបស់ភ្ញៀវនឹងចាយវាយតែនៅក្នុង ប្រទេសកម្ពុជា ដែលនេះនឹងចាក់ចូលទៅក្នុងសេដ្ឋកិច្ចកម្ពុជាជារួម។ នេះបើតាមការបញ្ជាក់បន្ថែម របស់លោកស្រី។

បើតាមប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាដដែល ភាគច្រើនភ្ញៀវទេសចរឥណ្ឌា ចូលចិត្តតំបន់ទេស​ចរណ៍បែបវប្បធម៌ និងបេតិកភណ្ឌ ​ទីតាំងបែបប្រវត្តិសាស្រ្ត តំបន់ឆេ្នរ និង​កាស៊ីណូជាដើម។​

ទន្ទឹមនឹងនេះ ដើម្បីឱ្យលំហូរភ្ញៀវទេសចរចូលមកកម្ពុជាកាន់តែច្រើន អ្នកជំនាញបានសង្កត់ធ្ងន់ទៅ លើការផ្សព្វផ្សាយ។ ការផ្សព្វផ្សាយពីតំបន់ទេសចរណ៍បែបធម្មជាតិរបស់កម្ពុជាឱ្យកាន់តែទូលាយ ជាពិសេសតំបន់ទេសចរណ៍ដែលផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ និងសាសនា។

ក្រៅពីនោះ សេវាករទេសចរណ៍ក៏ត្រូវពង្រឹងបន្ថែមទៅលើគុណភាពសេវាកម្ម និងភាពសម្បូរបែប នៃសេវាកម្ម ដើម្បីផ្ដល់ជម្រើសកាន់តែច្រើនដល់ភ្ញៀវទេសចរ។ ហើយអ្វីដែលសំខាន់ និងមិនអាច បំភ្លេចបាន គឺការចូលរួមពីសំណាក់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ក្នុងការជំរុញវិស័យ​ទេសចរណ៍៕

អត្ថបទពាក់ព័ន្ធ

Back to top button