កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ កាសែត The Wall Street Journal បានចេញផ្សាយថា ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានចាប់ផ្តើមពិភាក្សាគ្នាជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅក្នុងលទ្ធភាពដើម្បីចាប់ដៃគូគ្នាលើកិច្ចការងារដ៏សំខាន់នៃបច្ចេកវិទ្យាឆ្លាតវ៉ៃ AI។
ថ្មីៗនេះ Apple បានប្រកាសហើយថា ម៉ូដេល iPhones របស់ខ្លួននឹងត្រូវដាក់បញ្ចូលបច្ចេកវិទ្យា AI កាន់តែច្រើនឡើងនាពេលអនាគតហើយជឿជាក់ថាក្រុមហ៊ុនយក្សនេះកំពុងសិក្សានិងស្វែងរកដៃគូបន្ថែមជាមួយនឹងក្រុមហ៊ុនដែលមានបច្ចេកវិទ្យា AI ដោយក្នុងនោះសូម្បីតែដៃគូជាយូរមកហើយរបស់ខ្លួនគឺ Alphabet ដែលជាក្រុមហ៊ុមេរបស់ Google ក៏សហការជាមួយគ្នាផងដែរ។
ក្រៅពីនេះ ក្រុមហ៊ុន Apple ក៏កំពុងពិភាក្សាជាមួយនឹងដៃគូផ្សេងទៀតនៅក្នុងប្រទេសចិន ប៉ុន្តែគេបានដឹងមកហើយថា ចិនមិនដែលគាំទ្រក្រុមហ៊ុនបច្ចេកវិទ្យា OpenAI ដែលជាអ្នកអភិវឌ្ឍ ChatGPTនោះទេ។
Perplexity ដែលជាក្រុមហ៊ុនអាជីវកម្មកើតថ្មីជំនាញខាង AI នោះក៏ស្ថិតនៅក្នុងបញ្ជីដែលក្រុមហ៊ុន Apple នឹងត្រូវជ្រើសយកផលិតផល AI របស់គេមកប្រើប្រាស់នៅក្នុងផលិតផលរបស់ខ្លួនផងដែរ។
គួរឲ្យដឹងដែរថា Apple បានប្រកាសអំពីយុទ្ធសាស្ត្រក្នុងការច្របាច់ចូលបច្ចេកវិទ្យា AI ជាមួយនឹងផលិតផលរបស់ខ្លួន។ វាគឺជាអ្វីដែលក្រុមអ្នកប្រើប្រាស់រង់ចាំអស់រយៈពេលជាយូរមកហើយដែលក្នុងនោះ Apple សង្ឃឹមថានឹងអាចបំពាក់បច្ចេកវិទ្យា AI ទាំងទៅលើកម្មវិធី Appstores ព្រមទាំង Siri ផងដែរ ជាពិសេសការបញ្ចូលបច្ចេកវិទ្យា ChatGPD ទៅគ្រប់ឧបករណ៍ដែលចំណុះនៃបច្ចេកវិទ្យារបស់ខ្លួន៕