នៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុនចិនអ្នកជំនាញផលិតរថយន្តអគ្គិសនី BYD បានប្រកាសជាសាធារណៈនូវការអភិវឌ្ឍបច្ចេកវិទ្យាថ្មីមួយទៀតរបស់ខ្លួនដែលអាចសន្សំសំចៃខ្ពស់ជាងគេបំផុតទាំងសាំង និងថវិកា ខណៈដែលទីផ្សារនេះកំពុងមានសន្ទុះប្រកួតប្រជែងខ្លាំងរវាងគ្នាដែលមានទាំង Toyota, Volkswangen ជាដើម។
ប្រធានក្រុមហ៊ុន Wang Chuanfu បានចូលរួមក្នុងពិធីបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាផលិតម៉ាស៊ីនរថយន្តអគ្គិសនីដ៏ថ្មីមួយរបស់ខ្លួនហើយជាអ្វីដែលអស្ចារ្យបំផុតនោះគឺថាបច្ចេកវិទ្យាថ្មីអាចធ្វើឲ្យរថយន្តកូនកាត់របស់ខ្លួនអាចស៊ីសាំងត្រឹមតែ២,៩លីត្រប៉ុណ្ណោះក្នុងការបើកបរ១០០គីឡូម៉ែត្រ។
ដោយឡែក អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍បំផុតចំពោះបច្ចេកវិទ្យាថ្មីនេះ នឹងធ្វើឲ្យរថយន្តម៉ូដេលថ្មីដែលចាក់សាំងនិងមានថាមពលអគ្គិសនីពេញនោះអាចធ្វើដំណើរបានរហូតទៅដល់២១០០គីឡូម៉ែត្រក្នុងមួយលើក។
ក្នុងពេលជាមួយគ្នានេះដែរ BYD ក៏បានប្រកាសដាក់លក់ជាផ្លូវការនូវថយន្តម៉ូដែល Qin L និង Seal 06 ផងដែរ ជាមួយតម្លៃចាប់ពី ៩៩ ៨០០យ័ន ឬត្រូវជា ១៣ ៧៧៥ដុល្លារអាមេរិកប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា តាមរយៈបច្ចេកវិទ្យាកូនកាត់ថ្មីដែលអាចធ្វើដំណើរមួយលើកបានចម្ងាយទៅដល់២១០០គីឡូម៉ែត្រនេះនឹងអាចជួយឲ្យអ្នកប្រើប្រាស់ចំណេញថវិកាក្នុងមួយឆ្នាំប្រមាណ ៩៨៦២យ័នធៀបទៅនឹងរថយន្តដែលប្រើប្រាស់សាំងធម្មតា៕