អ្នកចាំទី Diogo Costa បានក្លាយជាវីរបុរសរបស់ព័រទុយហ្គាល់ បន្ទាប់សង្រ្គោះបាល់ប៉េណាល់ទីកាត់សេចក្ដីចំនួន ៣គ្រាប់ជាប់គ្នា ជួយក្រុមព័រទុយហ្គាល់ យកឈ្នះ ស្លូវេនី នឹងទទួលបានកៅអីទៅវគ្គ៨ក្រុមចុងក្រោយ Euro 2024 ដែលធ្វើឡើងក្នុងប្រទេសអាល្លឺម៉ង់។
ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Frankfurt Arena ក្រុមបញ្ចខែលព័រទុយហ្គាល់ បានយកឈ្នះ ក្រុមជម្រើសជាតិស្លូវេនី នៅវគ្គប៉េណាល់ទីកាត់សេចក្ដី ក្នុងលទ្ធផល ៣-០។ ក្នុងការប្រកួតដ៏ជក់ចិត្តយប់មិញនេះ ព័រទុយហ្គាល់ បានព្យាយាមដាក់សម្ពាធយ៉ាងខ្លាំងលើគូប្រកួត ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីរបស់ ស្លូវេនី ហើយបញ្ចប់៩០នាទី ក្រុមទាំង២ បានត្រឹមស្មើគ្នា ០-០។
លុះដល់ម៉ោងបន្ថែម ១៥នាទី ២ដង ព័រទុយហ្គាល់ បន្តដាក់សម្ពាធលើ ស្លូវេនី នឹងមានឱកាសជាច្រើនដង រហូតដល់នាទី ១០៥ ព័រទុយហ្គាល់ ទទួលបានបាល់ពិន័យប៉េណាល់ទី ប៉ុន្តែ Cristiano Ronaldo ធ្វើមិនបានសម្រេច ដោយអ្នកចាំទី Jan Oblak ជួយសង្រ្គោះបាន។ បញ្ចប់ការប្រកួត១៥នាទី ២ដង នៅតែស្មើគ្នា 0-0 ដូច្នេះដើម្បីរកអ្នកឈ្នះ ក្រុមទាំងពីរត្រូវទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ពេលនោះហើយដែលអ្នកចាំទី Diogo Costa របស់ព័រទុយហ្គាល់ ក្លាយជាវីរបុរស ដោយជួយសង្រ្គោះបាល់ប៉េណាល់ទី បានទាំង ៣គ្រាប់ជាប់ៗគ្នា ខណៈ ព័រទុយហ្គាល់ ស៊ុតចូលទាំង ៣គ្រាប់។ តាមរយៈលទ្ធផលនេះ ព័រទុយហ្គាល់ នឹងត្រូវឡើងទៅជួប បារាំង ដែលទើបតែបានយកឈ្នះ បែលហ្សិក កាលពីយប់មិញនេះ នៅវគ្គ៨ក្រុមចុងក្រោយ។
គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ Euro 2024នេះ Diogo Costa ក្លាយជាអ្នកចាំទីដំបូងនេះ ដែលអាចសង្គ្រោះបាល់ប៉េណាល់ទី៣គ្រាប់ជាប់ៗគ្នា។ គិតមកទល់ពេលនេះ គេបានរកឃើញ៦ក្រុមហើយឡើងទៅវគ្គ៨ក្រុមចុងក្រោយរួមមាន ម្ចាស់ផ្ទះអាល្លឺម៉ង់ ស្វីស អង់គ្លេស អេស្ប៉ាញ បារាំង និងព័រទុយហ្គាល់៕