អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United ខ្សែកីឡាករ Edinson Cavani ដែលបច្ចប្បន្នកំពុងលេងឲ្យក្រុម Boca Juniors បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយកាលពីថ្ងៃ សុក្រ ទី៣០ ម្សិលមិញនេះ ។
Edinson Cavani វ័យ ៣៧ឆ្នាំ គឺជាកីឡាករដែលបង្ហាញខ្លួនបានច្រើនជាងគេទីពីររបស់អ៊ុយរូហ្គាយ ពោលគឺ ១៣៦ប្រកួត និងស៊ុតបញ្ចូលទីច្រើនជាងគេទីពីរ ដោយមាន ៥៨គ្រាប់បន្ទាប់ពីអតីតខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Luis Suarez ។
Cavani បានសរសេរនៅលើ Instagram របស់ខ្លួន៖« ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានពាក់អាវក្រុមជម្រើសជាតិជាច្រើនឆ្នាំមកនេះ។ ប៉ុន្តែថ្ងៃនេះ ខ្ញុំសម្រេចចិត្តព្យួរស្បែកជើងជាមួយក្រុមជម្រើសជាតិរបស់ខ្ញុំជារៀងរហូត»។
គួររំលឹកថា នៅកម្រិតក្លឹប Cavani បានឈ្នះជើងឯក Ligue 1 ចំនួន ៦ ដង និង French Cup ៥ ដងជាមួយ Paris St Germain ចន្លោះឆ្នាំ២០១៤ និង ២០២០ ។ គាត់បានស៊ុតបញ្ចូលទី ២០០គ្រាប់ នៅក្នុងការប្រកួតទាំងអស់សម្រាប់ក្លឹប PSG។ Cavani ក៏ធ្លាប់លេងឱ្យ Napoli ដោយឈ្នះពាន Coppa Italia 2011-12 មុនផ្លាស់មកកាន់ Manchester United។ Cavani បានចូលរួមជាមួយ Boca Juniors ក្នុងខែកក្កដា ឆ្នាំ 2023 បន្ទាប់ពីចែកផ្លូវជាមួយក្រុម Valencia នៅ LaLiga ៕