យោងតាមបណ្តាញសារព័ត៌មានក្នុងប្រទេសវៀតណាមកាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមកនេះបានឲ្យដឹងថា ក្រុមហ៊ុន Foxconn Singapore បានឈានទៅដល់ការសម្រេចចិត្តក្នុងការផ្តល់សិទ្ធិវិនិយោគជាមួយនឹងទឹកប្រាក់ប្រមាណជា៣៨៣លានដុល្លារដើម្បីបង្កើតរោងចក្រថ្មីមួយទៀតនៅក្នុងប្រទេសវៀតណាម។
រោងចក្រដែលគ្រោងដំឡើងថ្មី អាចនឹងដំណើរការផលិតបន្ទះ circuit boards មានទីតាំងស្ថិតនៅក្នុងខេត្តភាគខាងជើងនៃតំបន់ Bac Ninh ហើយវាអាចមានសមត្ថភាពក្នុងការផលិតបន្ទះបច្ចេកវិទ្យានេះក្នុងមួយឆ្នាំដល់ទៅចំនួនប្រមាណ ២,៧៩លានបន្ទះ។
គួរឲ្យដឹងដែរថា Foxconn គឺជាក្រុមហ៊ុនអ្នកផលិតគ្រឿងអគ្គិសនី និងតម្លើងឧបករណ៍អគ្គិសនីធំបំផុតមួយរបស់ពិភពលោក ហើយគិតមកដល់ពេលនេះ Foxconn បានវិនិយោគជាទឹកប្រាក់សរុបប្រមាណជាង ៣២០០លានដុល្លាររួចមកហើយនៅក្នុងប្រទេសវៀតណាមគិតចាប់តាំងតែពីទសវត្សរ៍ឆ្នាំ២០០០ដោយទីតាំងរោងចក្ររបស់ខ្លួនភាគច្រើនគឺស្ថិតនៅក្នុងខេត្ត Bac Ninh និង Bac Giang។
ទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុន Foxconn ផ្ទាល់មិនទាន់បានអះអាងពីដំណឹងនេះនៅឡើយទេ ដោយក្រុមហ៊ុនបានបដិសេធមិនទាន់ផ្តល់ការឆ្លើយតបណាមួយទៅកាន់ក្រុមអ្នកកាសែតនៅឡើយ។
គួរកត់សម្គាល់ថា កាលពីដើមខែមិថុនាកន្លងទៅនេះ សារព័ត៌មានក្នុងស្រុកវៀតណាមមួយចំនួនបាននាំគ្នាចេញផ្សាយព្រោងព្រាតថា ក្រុមហ៊ុន Foxconn នឹងចាប់ផ្តើមធ្វើការផលិតឧបករណ៍ 5G AirScale ដែលជាឧបករណ៍សម្រាប់ផ្គត់ផ្គង់ឲ្យក្រុមហ៊ុន Nokia នៅក្នុងប្រទេសរបស់ខ្លួន ដោយរោងចក្រផលិតស្ថិតនៅក្នុងខេត្ត Bac Giang៕