លោក Jared Cohen ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs Group, Inc. បានជម្រាបជូន សម្តេចធិបតី នាយករដ្ឋមន្ត្រី ពីគោលបំណងពង្រីកឱកាសវិនិយោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ព្រមទាំងបានបង្ហាញនូវភាពជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋន្ត្រី កម្ពុជានឹងបន្តការអភិវឌ្ឍប្រកបដោយភាពជឿជាក់ ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសុខសន្តិភាពពេញលេញ ។
ការលើកឡើងរបស់ លោក Jared Cohen ធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ របស់លោកជាមួយ សម្តេចធិបតីនាយករដ្ឋន្ត្រី នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២ ក្នុងឱកាស សម្ដេច នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។
ក្រុមហ៊ុន Goldman Sachs Group, Inc. ជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ ដោយបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនគ្រប់មជ្ឈដ្ឋាន ជាអាទិ៍ សាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គល ជាដើម ៕