ព័ត៌មានជាតិព័ត៌មានសេដ្ឋកិច្ច

KOJIMA Holdings Co., Ltd. មានគម្រោងវិនិយោគបន្ថែមសម្រាប់ប្រទេសកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោក កូជីម៉ា ម៉ាសាណូប៊ូ ប្រធានក្រុមហ៊ុន  KOJIMA Holdings Co., Ltd. ចូលជួបសម្តែងការគួរសម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

លោក កូជីម៉ា ម៉ាសាណូប៊ូ បានជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពរីកចម្រើននៃការបណ្តុះបណ្តាល និងនាំយកកម្មសិក្សាការីខ្មែរទៅបម្រើការងារក្នុងប្រទេសជប៉ុន។ ក្រៅពីនេះក្រុមហ៊ុនក៏បានបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅ ទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ដើម្បីជួយផ្សព្វផ្សាយអំពីផលិតផល និង ម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស  និង ការសម្របសម្រួលធុរកិច្ចពាណិជ្ជកម្មជាដើម។ លោក កូជីម៉ា ម៉ាសាណូប៊ូ ក៏បានជម្រាបជូន សម្តេចធិបតី ផងដែរ ពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម សម្រាប់បម្រើដល់ការនាំចេញ និង គម្រោងនៃការបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើននូវការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរនៅក្នុងប្រទេសជប៉ុន សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និង ប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ។

សម្តេចធិបតី ថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន KOJIMA Holdings Co., Ltd. ដែលបានចូលរួមចំណែកក្នុងការជួយបណ្តុះបណ្តាល និង បញ្ជូនកម្មសិក្សាការីខ្មែរ មកធ្វើការនៅក្នុងប្រទេសជប៉ុន តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្មកម្ពុជា។ ផលប្រយៅជន៍ចំពោះមុខគឺ ការបង្កើតការងារ ដែលផ្តល់នូវប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ ខណៈដែលផលប្រយោជន៍រយៈពេលវែង គឺកម្មសិក្សាការីខ្មែរ នឹងក្លាយជាធនធានមនុស្សខ្មែរដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ សម្រាប់ប្រទេសកម្ពុជា នាពេលអនាគត៕

អត្ថបទពាក់ព័ន្ធ

Back to top button