ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Kylian Mbappe បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនជឿជាក់ខ្លាំងណាស់ថា ថ្ងៃណាមួយ រូបគេនឹងលេងឱ្យ Real Madrid ជាហេតុនាំឲ្យគេចាប់ផ្តើមរៀនភាសាអេស្ប៉ាញ។
Mbappe បាននិយាយនៅឯកីឡដ្ឋាន Bernabeu ដែលពោរពេញទៅដោយអ្នកគាំទ្ររាប់ម៉ឺននាក់ ថា ៖«តាំងពីខ្ញុំនៅក្មេងមក ខ្ញុំបានដឹងថា អនាគត់របស់ខ្ញុំគឺត្រូវលេងឱ្យ Real Madrid។
ក្នុងពិធីប្រកាសជាផ្លូវការណ៍នោះ Mbappe បានធ្វើឱ្យអ្នកកាសែតភ្ញាក់ផ្អើល ដោយនិយាយជាភាសាអេស្ប៉ាញ ស្ទើរតែគ្មានកំហុស ដែលគាត់បាននិយាយថា គាត់បានចាប់ផ្តើមរៀននៅសាលា ហើយបន្ទាប់មកបន្តអនុវត្តជាមួយគ្រូបង្វឹកនិយាយភាសាអេស្ប៉ាញ ដូចជា Luis Enrique និង Mauricio Pochettino នៅ PSG ព្រោះគេដឹងថា នីថ្ងៃណាមួយ នឹងត្រូវប្រើវានៅក្លឹបសុបិន្តរបស់គាត់គឺ Real Madrid។
Real Madrid បានប្រកាសកាលពីខែមិថុនា ថា Mbappe បានចូលរួមជាមួយក្រុម LaLiga លើកិច្ចសន្យារយៈពេល ៥ឆ្នាំ ដោយបញ្ចប់ការផ្ទេរ ដែលបានជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំ។
នាពេលកន្លងមក ក្លឹបស្ដេចសបានបរាជ័យក្នុងការនាំយកកីឡាកររូបនេះ មកកាន់ Bernabeu បន្ទាប់ពីរូបគេចុះកិច្ចសន្យាបន្តជាមួយ PSG ក្នុងខែឧសភា ឆ្នាំ ២០២២។
គួរបញ្ជាក់ថា Mbappe ខ្សែប្រយុទ្ធរូបនេះ បានឈ្នះពានរង្វាន់ Ligue 1 ចំនួន ៦ដង, ពាន French Cup ចំនួន ៤ដង និងបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ PSG ពោលគឺចំនួន ២៥៦គ្រាប់ ក្នុងអំឡុងពេល ៧ឆ្នាំនៅទីក្រុងប៉ារីស ប៉ុន្តែមិនបានឈ្នះពានរង្វាន់ Champions League ឬ Ballon d’Or ឡើយ៕