(បាល់ទាត់)៖ បន្ទាប់ពីក្រុមស្ដេចស Real Madrid បានគ្រងជើងឯក UEFA Champions League លើកទី១៥ របស់ខ្លួន កាលពីយប់ថ្ងៃសៅរ៍ ពេលនេះ ក្លិបយក្សអេស្ប៉ាញមួយនេះ គ្រង និងប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមបារាំង Kylian Mbappé លើការផ្ទេរដោយគ្មានតម្លៃខ្លួន នៅដើមសប្តាហ៍នេះ ។ នេះបើតាមការបញ្ជាក់របស់អ្នកកាសែតផ្សព្វផ្សាយកីឡាបាល់ទាត់ដ៏ល្បីរឿងទីផ្សារដោះដូរកីឡាករ គឺលោក Fabrizio Romano។
កាលពីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ លោក Fabrizio Romano បានចុះផ្សាយថា ខ្សែប្រយុទ្ធសញ្ជាតិបារាំង កីឡាករ Kylian Mbappé គ្រោងនឹងចូលរួមជាមួយ Real Madrid ដោយគ្មានតម្លៃខ្លួន ខណៈដែលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខារួចរាល់អស់ហើយ ពោលគឺអ្វីគ្រប់យ៉ាងរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។
Kylian Mbappe បានផ្លាស់ពីក្រុមបាល់ទាត់ AS Monaco មកចូលរួមជាមួយក្លិប Paris Saint-Germain កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅក្នុងតម្លៃ ១៨០លានអឺរូ។ ខ្សែប្រយុទ្ធរូបនេះ បង្ហាញខ្លួនឲ្យ PSG សរុប ២០៥ប្រកួត និងស៊ុតបញ្ចូលទីបាន ១៧៥គ្រាប់ និងបានជួយក្រុមឈ្នះជើងឯកលីគកំពូលបារាំង ៦ដង, Coupe de la Ligue ២ដង , Coupe de France ៣ដង និង French Super Cup ៣ដង។ ខ្សែប្រយុទ្ធ វ័យ២៥ ឆ្នាំរូបនេះ បានប្រកាសចាកចេញពីក្លិបបាល់ទាត់ Paris Saint-Germain សមាជិកលីគបាល់ទាត់កំពូលបារាំង ក្រោយផុតកិច្ចសន្យានៅពេលចប់រដូវកាល ឆ្នាំ២០២៣-២០២៤។
ការមកដល់របស់ Mbappé នឹងបិទបញ្ចប់ពីភាពស្រពេជ្យស្រពិលរយៈពេល ៧ឆ្នាំ របស់ Real Madrid ។ ដូច្នេះ មានន័យថា PSG នឹងបាត់បង់កីឡាករម្នាក់ ដែលពួកគេបានបដិសេធសំណើរ ២០០ លានអឺរ៉ូ ពី Madrid ក្នុងឆ្នាំ ២០២១៕