បរទេស៖ យោងតាមការស្រាវជ្រាវដោយអង្គការសហប្រជាជាតិ ហៅកាត់ថា UN បានបង្ហាញថា ចំនួនពលរដ្ឋឥណ្ឌានឹងអាចកាន់កាប់តំណែងជាប្រទេសដែលមានចំនួនច្រើនជាងគេបំផុតលើពិភពលោកនៅត្រឹមឆ្នាំ២០៦០ខាងមុខក្នុងចំនួនដល់ទៅ១,៧ពាន់នាក់។
ទោះបីជាយ៉ាងណាក្តី UN ក៏បានព្យាករណ៍ដែរថា ការកើនឡើងទៅដល់ចំណុចកំពូលនៃចំនួនប្រជាជនបែបនេះ អាចនឹងធ្លាក់ចុះមកវិញជាមិនខានតាមរយៈយុទ្ធនាការនានាដែលនឹងត្រូវបានដាក់ឲ្យអនុវត្តពីរដ្ឋាភិបាល ខណៈដែលបច្ចុប្បន្ន ឥណ្ឌាមានចំនួនពលរដ្ឋប្រមាណជា១,៤ពាន់លាននាក់រួចទៅហើយ។
ផ្អែកតាមរបាយការណ៍ស្រាវជ្រាវរបស់UN ដែលមានឈ្មោះ World Population Prospects 2024 បានរកឃើញថា ចំនួនពលរដ្ឋឥណ្ឌានឹងធ្លាក់ចុះមកវិញបន្ទាប់ពីបានកើនឡើងដល់ចំនួនដ៏ខ្ពស់បំផុត។នៅត្រឹមឆ្នាំ២១០០ ចំនួនពលរដ្ឋឥណ្ឌានឹងធ្លាក់ចុះមកវិញយ៉ាងហោចណាស់១២ភាគរយ។
កាលពីឆ្នាំមុន ប្រទេសឥណ្ឌាបានវ៉ាដាច់ប្រទេសចិនដើម្បីក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេ។ អង្គការសហប្រជាជាតិ រំពឹងថា ចំនួនប្រជាជនចិនបានឡើងដល់កំពូល និងកំពុងធ្លាក់ចុះមកវិញ ដោយសារតែការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃអត្រាអ្នកមានកូនរបស់ប្រទេសចិន ទាបជាងអត្រាកំណើតថ្មីពីមួយជំនាន់ទៅមួយជំនាន់។
យោងតាមរបាយការណ៍ដដែលក៏បានឱ្យដឹងដែរថា បន្ទាប់ពីប្រទេសឥណ្ឌា និងចិនចំណាត់ថ្នាក់ប្រជាជននៅឆ្នាំ២១០០នោះយើងនឹងឃើញមានប៉ាគីស្ថានប្រមាណជា៥១១លាននាក់ នីហ្សេរីយ៉ា៤៧៧លាននាក់ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ៤៣១ លាននាក់ ហើយសហរដ្ឋអាមេរិក៤២១លាននាក់ដែលក្នុងនោះអាមេរិកទទួលបានការកើនឡើងនៃចំនួនប្រជាជនដោយសារតែកត្តាជំរុញជាចម្បងដោយការធ្វើចំណាកស្រុក៕