ព័ត៌មានសេដ្ឋកិច្ច

VinFast ពន្យាពេលសាងសង់រោងចក្រនៅអាមេរិកដោយសារទីផ្សារកំពុងធ្លាក់ចុះ

បរទេស៖ កាសែតរ៉យទ័រនៅសប្តាហ៍នេះបានសរសេរថាក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនីវៀតណាម VinFast បានសម្រេចចិត្តក្នុងការពន្យាពេលបើកដំណើរការសាងសង់រោងចក្រនៅរដ្ឋ North Carolina សហរដ្ឋអាមេរិកដោយសារតែបញ្ហាទីផ្សាររបស់ខ្លួនកំពុងធ្លាក់ចុះ។

រោងចក្រដែលស្ថិតនៅក្នុងផែនការសាងសង់មានតម្លៃជាង៤ពាន់លានដុល្លាររបស់ក្រុមហ៊ុន​ VinFast នឹងត្រូវពន្យាពេលសាងសង់ទៅដល់ឆ្នាំ២០២៨។ មានន័យថាក្រុមហ៊ុននឹងកាត់បន្ថយការប្រគល់រថយន្តដែលត្រូវបានរំពឹងទុកសម្រាប់ឆ្នាំនេះដល់ទៅ២០០០០គ្រឿង។

VinFast ត្រូវបានបង្កើតឡើងដោយកំពូលមហាសេដ្ឋីជនជាតិវៀតណាម លោក Pham Vuong កាលពីឆ្នាំ២០១៧ ហើយចាប់ផ្តើមប្រែខ្លួនជាក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនីសុទ្ធសាធកាលពីឆ្នាំ២០២២។ ដោយឡែក ការសម្រេចចិត្តពន្យាពេលរោងចក្រនេះដែរ ក្រុមហ៊ុនបានបញ្ជាក់ថា នឹងទម្លាក់ចំនួនប្រគល់រថយន្តជូនអតិថិជនពី១០ម៉ឺនគ្រឿងមកត្រឹមតែ៨ម៉ឺនគ្រឿងប៉ុណ្ណោះក្នុងឆ្នាំនេះ។

ទោះបីជាយ៉ាងណាក្តី នៅក្នុងត្រីមាសទី២កន្លងមកនេះ ក្រុមហ៊ុន​ VinFast ទទួលបានប្រតិបត្តិការលក់កើនឡើងដល់ទៅ២៤ភាគរយ ឬប្រមាណជា១២០០០គ្រឿងដែលធ្វើឲ្យចំនួននៃការលក់បានក្នុងឆមាសដំបូងនេះកើនទៅដល់ ២១ ៧៤៧គ្រឿង ស្ថិតនៅក្នុងអត្រាកើនឡើងដល់ទៅ៩២ភាគរយធៀបទៅនឹងរយៈពេលវេលាដូចគ្នាកាលពីឆ្នាំទៅ។

យ៉ាងណាក្តី ដោយក្រុមហ៊ុនផលិតរថយន្ត EV នៅតែរំពឹងថានឹងមានកំណើននៃការលក់ខ្លាំងនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ដែលជំរុញដោយការផលិតផលចម្រុះរបស់ខ្លួន និងការពង្រីកខ្លួននៅក្នុងទីផ្សារសំខាន់ៗ រួមទាំងទីផ្សារថ្មីនៅអាស៊ី និងទីផ្សារដែលមានស្រាប់។

VinFast បានប្រកាសកាលពីឆ្នាំ២០២២កន្លងទៅថា ខ្លួននឹងសាងសង់រោងចក្រផលិតរថយន្ត EV និងអាគុយនៅសហរដ្ឋអាមេរិកដែលមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ១៥ម៉ឺនគ្រឿង ដើម្បីស្វែងរកផលប្រយោជន៍ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល Biden និងដើម្បីអនុម័តការឧបត្ថម្ភធនសម្រាប់រថយន្ត EV ដែលផលិតនៅអាមេរិក៕

អត្ថបទពាក់ព័ន្ធ

Back to top button