ក្រុមហ៊ុន Vingroup បានស្នើ លើគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន ២.៥០០ គ្រឿង បើទទួលបានការយល់ព្រមពីរដ្ឋាភិបាល ក្រុមហ៊ុនមានគម្រោង ដំណើរការជាផ្លូវការនៅក្នុងខែមីនា ឆ្នាំ២០២៤ ខាងមុខ នៅរាជធានីភ្នំពេញ និងជាបន្តបន្ទាប់ទៀត នៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ ។
ការបញ្ជាក់អំពីគម្រោងខាងលើរបស់ ក្រុមហ៊ុន Vingroup នេះ គឺនៅក្នុងជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ង្វៀន វៀតក្វាង (Nguyen Viet Quang) អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Vingroup ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ របស់សម្ដេច នាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្ត នៅក្នុងប្រទេសកម្ពុជា សម្រាប់ការប្រើប្រាស់នៅក្នុងខ្សែច្រវាក់ផលិតកម្មរថយន្តនៅក្នុងប្រទេសវៀតណាម ផងដែរ ៕