លោក Kuok Khoon Hong ប្រធានអគ្គនាយក Wilmar International Group ជាក្រុមហ៊ុនកសិកម្មធំនៅអាស៉ី បានជម្រាបជូន សម្តេចធិបតី នាយករដ្ឋមន្ត្រី នូវអំពីគោលបំណង ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយផ្តោតលើដំណាំស្រូវ និងអំពៅ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល រាប់ទាំងការដាំដុះ, ការប្រមូលផល, ការកែច្នៃ, ការវេចខ្ចប់ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។
ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស រវាងសម្ដេចធិបតី នាយករដ្ឋមន្ត្រី និង លោកអគ្គនាយក៕
ក្រុមហ៊ុន Wilmar International Group ជាក្រុមហ៊ុន មានធុរកិច្ចចម្បង ក្នុងវិស័យកសិកម្ម និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ នៅប្រទេសសិង្ហបុរី ។ សព្វថ្ងៃ ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ី ហើយក្រុមហ៊ុនមានបច្ចេកទេសខ្ពស់ក្នុងវិស័យកសិកម្ម រាប់ចាប់ពីការដាំដុះ, ការកែច្នៃ, ការវេចខ្ចប់, ការផ្គត់ផ្គង់ និងការចែកចាយយ៉ាងទូលំទូលាយ ហើយផលិតផលចម្បងរបស់ក្រុមហ៊ុន មានដូចជា៖ ប្រេងដូង ប្រេងធញ្ញជាតិ ម្សៅ និងស្ករ ជាដើម ៕