ព័ត៌មានសេដ្ឋកិច្ច

កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបចំនួន ១៥ម៉ឺនតោន ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤

គិតត្រឹមរយៈពេល៦ខែក្នុងឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអឺរ៉ុប​បានជាង​១៥ម៉ឺនតោន ដោយទទួលបានចំណូលប្រមាណ១២១លានដុល្លារអាមេរិក ក្នុងចំណោមបរិមាណអង្ករនាំ​ចេញសរុប​ជាង៣៣ម៉ឺនតោន។

បើយោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល៦ខែក្នុងឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការនាំចេញ ៣៣ម៉ឺន៨ពាន់តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣។

បើតាមរបាយការណ៍ដដែល នៅក្នុងបរិមាណអង្ករជាង ៣៣ម៉ឺនតោននោះ កម្ពុជាបាននាំចេញទៅកាន់បណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបចំនួន ២៦ មានបរិមាណអង្ករជាង ១៥ម៉ឺន ៦ពាន់តោន គិតជាទឹកប្រាក់ចំនួន ១២១លានដុល្លារ។ 

នាំទៅកាន់ប្រទេសចិន ហុងកុង និងម៉ាកាវ មានចំនួនជាង ៧ម៉ឺន៥ពាន់តោន គិតជាទឹក ប្រាក់ចំនួនជាង  ៤៧លានដុល្លារ។ ទៅកាន់ទីផ្សារក្នុងប្រទេសអាស៊ាន និងទីម័រមានបរិមាណជាង ៧ម៉ឺន ៤ពាន់តោន គិតជាទឹកប្រាក់ជាង ៥១លានដុល្លារ។ និងទៅកាន់ ២៧ប្រទេសទៀតដូចជា អាហ្វ្រីក មជ្ឈិមបូពា៌ អាមេរិក កាណាដា អូស្រ្តាលី និងញ៉ូវហ្សីលែនជាដើម បានចំនួន ៣ម៉ឺន១ពាន់តោន គិតជាទឹក ប្រាក់ចំនួន ២៧លានដុល្លារ។

ដោយឡែកចំពោះប្រភេទអង្ករ កម្ពុជានាំចេញអង្ករក្រអូបបានជាង ៧០% ប្រភេទអង្ករសធម្មតា បានជិត៥% អង្ករចំហ៊ុយជាង២% អង្ករសរីរាង្គបានជាង ១% និងអង្ករផ្សេងៗទៀតចំនួន ០,២៥% ។

គួររំលឹកថា កម្ពុជាបាននាំចេញស្រូវជាង ២លាន៥២ម៉ឺនតោនជាស្រូវសើម បើគិតជាទឹកប្រាក់ប្រមាណ ជាង ៧២៧លានដុល្លារអាមេរិក ដែលនៅក្នុងនោះ ៧៥% បាននាំចេញដោយឆ្លងកាត់ការស្នើរសុំបញ្ជាក់ ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕

អត្ថបទពាក់ព័ន្ធ

Back to top button