ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន​ Boeing ចាប់ផ្តើមផ្គត់ផ្គង់យន្តហោះរបស់ខ្លួនឡើងវិញទៅកាន់ទីផ្សារប្រទេសចិន

បរទេស៖ ក្រោយការផ្អាកដំណើរការអស់រយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះដោយសារតែអជ្ញាធរចិនបានបង្កើនការត្រួតពិនិត្យកាន់តែតឹងរឹងទៅលើដំណើរការផ្គត់ផ្គង់របស់ក្រុមហ៊ុនយន្តហោះ Boeing នោះ ទីបំផុតក្រុមហ៊ុនអាមេរិកនេះអាចចាប់ផ្តើមធ្វើការដឹកជញ្ជូនផលិតផលរបស់ខ្លួនជាតួយន្តហោះឡើងវិញហើយចូលទៅក្នុងទីផ្សារប្រទេសចិន។

ការផ្គត់ផ្គង់តួយន្តហោះគ្រប់ប្រភេទរបស់ Boeing ទៅប្រទេសចិនតែងតែជួបភាពរអាក់រអួលជាប់រហូតមកតាំងតែពីឆ្នាំ២០១៩មកម្ល៉េះពោលគឺចាប់តាំងតេពីពេលហេតុការណ៍ធ្លាក់យន្តហោះ MAX 8 ក៏ដូចជាភាពប្រឈមមុខដាក់គ្នានៃបញ្ហាសន្តិសុខជាតិរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន និងរដ្ឋាភិបាលទីក្រុងប៉េកាំង។

គិតត្រឹមថ្ងៃសុក្រសប្តាហ៍មុននេះ តួយន្តហោះម៉ូដេលថ្មីមួយត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុនអាកាសចរចិន Air China Cargo ដែលវាត្រូវបានហោះហើរចេញពីស្ថានីយ Everett Paine ក្នុងរដ្ឋវ៉ាស៊ិនតោនដែលជាទីតាំងរោងចក្រសម្រាប់ផលិតយន្តហោះរបស់ក្រុមហ៊ុន Boeing។

នៅល្ងាចថ្ងៃអាទិត្យ យន្តហោះមួយគ្រឿងទៀតក៏បានធ្វើដំណើរចេញពីរោងចក្រ Everett Paine ដូចគ្នាដែរទៅឲ្យក្រុមហ៊ុនអាកាសចរចិនដដែល Air China Cargo ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅមិនទាន់មានការថ្លែងការណ៍ណាមួយដែលធ្វើឡើងដោយក្រុមហ៊ុនចិននេះទេ។

ប្រភពគួរឲ្យទុកចិត្តដែលចេញពីក្រុមហ៊ុនអាមេរិកនេះបានបញ្ជាក់ថា ក្រៅតែពីយន្តហោះម៉ូដេលថ្មីទាំង២នេះហើយនោះ គេក៏រំពឹងទុកថានឹងមានការដឹកញ្ជូនផ្គ់តផ្គង់យន្តហោះបន្តទៀតពី Boeing ទៅឲ្យក្រុមហ៊ុនចិនចាប់ពីខែកក្កដានេះ ។

តាមការព្យាករណ៍ ក្រុមហ៊ុនផលិតយន្តហោះបានប៉ាន់ប្រមាណថា ក្រុមហ៊ុនអាកាសចរណ៍ចិនទាំងឡាយនឹងត្រូវការយន្តហោះពាណិជ្ជកម្មថ្មីយ៉ាងហោចណាស់ចំនួន ៨៦៥០គ្រឿងទៀតនៅត្រឹមឆ្នាំ២០៤២៕

អត្ថបទពាក់ព័ន្ធ

Back to top button