នៅថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៤ កម្ពុជា នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិអូឡាំពិកធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២ ខណៈសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានអញ្ជើញអ្នកជំនាញគុនចម្រុះអន្តរជាតិ មកបណ្តុះបណ្តាលដល់មន្រ្តី ចៅក្រម អាជ្ញាកណ្តាល សរុប ៣៨នាក់ ក្នុងនោះចៅក្រម អាជ្ញាកណ្តាលកម្ពុជាចំនួន១៦នាក់ និងចៅក្រម អាជ្ញាកណ្តាល ២២នាក់ មកពី ១៤ប្រទេស ក្នុងទ្វីបអាស៊ី។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត សេង ប៊ុនសុង អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា។
លោកបណ្ឌិត សេង ប៊ុនសុង បានមានប្រសាសន៍ឱ្យដឹងថា ចៅក្រម អាជ្ញាកណ្តាលកម្ពុជា ទាំង១៦នាក់នេះ ថ្វីត្បិតចូលរួមលើកទី១មែន ប៉ុន្តែពួកគាត់ជាកីឡាករ និងខ្លះទៀតជាចៅក្រម អាជ្ញាកណ្តាលមកពីសហព័ន្ធផ្សេងៗ ដែលធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាលមួយចំនួនរួចមកហើយ។ ដូច្នេះ ការបណ្តុះបណ្តាលនេះ ធ្វើឱ្យពួកគាត់ងាយចាប់បាន និងងាយយល់ផងដែរ។
អនុប្រធានរូបនេះបានបន្តថា អាជ្ញាកណ្តាល ចៅក្រម ដែលឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាចៅក្រម អាជ្ញាកណ្តាលអន្តរជាតិ អាចមានសិទ្ធិចូលរួមកាត់សេចក្តីការប្រកួតផ្សេងៗ នៅក្រៅប្រទេសបាន ព្រោះគ្រូឧទ្ទេសទាំងអស់ សុទ្ធសឹងជាគ្រូរបស់សហព័ន្ធកីឡាយុទ្ធគុនចម្រុះអន្តរជាតិ។
មែនទែនទៅ វគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្ដាលកីឡាយុទ្ធគុនចម្រុះអន្តរជាតិនេះ គឺជាការរៀបចំលើកទី៣ហើយ ដោយលើកទី១ រៀបចំនៅប្រទេសថៃ, លើកទី២ រៀបចំនៅប្រទេសចិន និងលើកទី៣នេះ រៀបចំនៅកម្ពុជា។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលកីឡាយុទ្ធគុនចម្រុះអន្តរជាតិលើកនេះ មានរយៈពេល៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ មានសិក្ខាកាមសរុប ៣៨នាក់ ១៦នាក់ ជាចៅក្រម អាជ្ញាកណ្តាលកម្ពុជា និង២២នាក់ ជាចៅក្រម អាជ្ញាកណ្តាលមកពី១៤ប្រទេសក្នុងទ្វីបអាស៊ី៕