បច្ចេកវិទ្យា

ចំណុចគួរអនុវត្ត ដើម្បីបង្កើនសុវត្ថិភាពគណនីធនាគារតាមទូរស័ព្ទ

បច្ចុប្បន្ននេះ បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់គ្នា ក្នុងនោះវិស័យហិរញ្ញវត្ថុក៏មាននូវឌីជីថលូបនីយកម្មផងដែរ ដែលគេស្គាល់ថាជា FINTECH ។ ជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ FINTECH ប្រជាជនអាចទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញតាមរយៈទូរស័ព្ទវៃឆ្លាតរបស់ពួកគេ។

បច្ចេកវិទ្យានេះក៏បានធ្វើឱ្យមនុស្សជាច្រើនលែងមានទំនោរកាន់សាច់ប្រាក់ជាប់ខ្លួនដូចមុនទៀតផងដែរ។

ប៉ុន្តែទន្ទឹមនឹងភាពងាយស្រួលនេះ អ្នកប្រើប្រាស់ក៏អាចប្រឈមនឹងបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ ដែរ ដូច្នេះហើយអ្នកប្រើប្រាស់ចាំបាច់ត្រូវយល់ដឹងពីរបៀបក្នុងការបង្កើនសុវត្ថិភាពគណនីធនាគារ របស់ខ្លួន។

លោក អ៊ាន់ ពលី ដែលជាប្រធាននាយកប្រតិបត្តិបច្ចេកវិទ្យានៃក្រុមហ៊ុនក្រេឌីតប្យូរ៉ូ បានឱ្យដឹងថា នៅពេលដែលការទូទាត់តាមអនឡាញកាន់តែទូលំទូលាយ ការលួចបន្លំពីសំណាក់ចោរបច្ចេកវិទ្យា (Hacker) ក៏ងាយនឹងកើតឡើងផងដែរ ជាពិសេសនៅពេលដែលអ្នកប្រើប្រាស់មិនបានយល់ដឹងគ្រប់ គ្រាន់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ។

លោកបានលើកជាករណីជាក់ស្ដែងថា៖ «បងប្អូនភាគច្រើនប្រហែលជាមិនចាប់អារម្មណ៍ទៅលើការ ប្រើប្រាស់អ៉ីនធឺណេតសាធារណៈ (Public Wifi) នោះទេ ប៉ុន្តែតាមពិតនេះជាវិធីមួយដែលក្រុម Hacker មានឱកាសក្នុងការ Hack ចូលទូរស័ព្ទផ្សេងៗបាន។»

ទាក់ទិននឹងករណីនេះ លោកបានបន្តបញ្ជាក់ថា នៅតាមហាងកាហ្វេបច្ចុប្បន្នគឺស្ទើរតែទាំង​ស្រុង​ហើយ​ដែលមាន Wifi ហើយមនុស្សម្នាចូលចិត្តទៅអង្គុយផឹកកាហ្វេដើម្បីប្រើប្រាស់អ៉ឺនធឺណេតនោះ។ ប៉ុន្តែប្រសិនបើក្នុងចំណោមអ្នកផឹកកាហ្វេ ១០នាក់ដែលកំពុងប្រើប្រាស់អ៉ឺនធឺណេតរបស់ហាងកាហ្វេ មានចោរបច្ចេកវិទ្យាម្នាក់ (Hacker ) ក៏មានន័យថា ចោបច្ចេកវិទ្យាអាចគ្រប់គ្រងទូរស័ព្ទទាំង៩គ្រឿង ទៀតបាន។

ដើម្បីបញ្ចៀសបញ្ហានេះ លោកលើកទឹកចិត្តឱ្យប្រើប្រាស់អ៉ីនធឺណេតផ្ទាល់ខ្លួន (Personal Data) តែម្ដង។

ចំណុចបន្ទាប់ដែលសំខាន់ផងដែរគឺ ការគ្រប់គ្រងលេខសម្ងាត់គណនីធនាគារ (Mobile Banking) របស់ខ្លួន។ ពីទស្សនៈរបស់លោកក្នុងនាមជាអ្នកជំនាញ លោកជំរុញឱ្យអ្នកប្រើប្រាស់ឧស្សាហ៍ ផ្លាស់ប្ដូរលេខ​សម្ងាត់គណនីធនាគារ ក្នុងរយៈពេល ៣ទៅ៦ខែម្ដង ហើយលេខសម្ងាត់ដែលមាន​សុវត្ថិភាពខ្ពស់ត្រូវមានធាតុផ្សំសំខាន់៣បញ្ចូលគ្នាគឺ អក្សរធំ លេខ និងសញ្ញា។

ចំណុចចុងក្រោយដែលអ្នកប្រើប្រាស់គួរយកទៅអនុវត្តដែរគឺ ការបើកមុខងារផ្ទៀងផ្ទាត់ (Two factor Authentication) នៅពេលដែលមានការលួចចូលដោយខុសប្រក្រតី។ បើតាមអ្នកជំនាញដដែល ការបើកមុខងារនេះ​ នឹងជួយបង្កើនសុវត្ថិភាពគណនីធនាគារទ្វេដង៕

អត្ថបទពាក់ព័ន្ធ

Back to top button