ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី ឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន១ខ្នងនៅ ស្រុកថ្មគោល ខេត្តបាត់ដំបង រងការខូចខាតទ្រព្យសម្បត្តិមួយចំនួន

កាលពីវេលាម៉ោង៨:៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០២៤ ម្សិលិញនេះ មានអគ្គិភ័យមួយបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន១ខ្នង ដែលមានទីតាំងស្ថិតនៅ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ កម្លាំងនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងធ្វើការពន្លត់អគ្គិភ័យនេះ  ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៤គ្រឿង រថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន៣គ្រឿង និង រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលចំនួន១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍នៃអគ្គិភ័យនេះបានទាំងស្រុង។

អគ្គិភ័យនេះបានឆាបផ្ទះទំហំ ៧ម៉ែត្រ x ៩ម៉ែត្រ សង់អំពីថ្មក្រោម ឈើលើ ប្រក់សង្ក័សី ជញ្ជាំងក្តា ចំនួន៨០ភាគរយ, គ្រែចំនួន៣, ទូខោអាវចំនួន២, ទូរទស្សន៍, ស្រូវចំនួន៤០បាវ និង សម្ភារៈមួយចំនួនទៀត សរុបជាទឹកប្រាក់ប្រហែល ៨០,០០០,០០០៛ (ប៉ែតសិបលានរៀល) ដែលមានម្ចាស់ផ្ទះឈ្មោះ ខាំ លាប ភេទប្រុស អាយុ៦៣ឆ្នាំ  រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ មូលហេតុនៃអគ្គិភ័យនេះវិញគឺ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

អត្ថបទពាក់ព័ន្ធ

Back to top button