ព័ត៌មានអន្តរជាតិ

ជនជាតិប៉ាឡេស្ទីនស្លាប់ម្នាក់ និង ៥នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ វេស ប៊ែង (West Bank)

យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ (Xinhua News Agency) របស់ប្រទេសចិន ដែលបានចុះផ្សាយនៅយប់ ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រភពប៉ាឡេស្ទីនជាច្រើនបាននិយាយថា បុរសជនជាតិប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់ និង ៥នាក់ផ្សេងទៀតបានរងរបួសនៅថ្ងៃអាទិត្យ ក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ីស្រាអែល សំដៅលើផ្ទះមួយខ្នងស្ថិតនៅក្នុងជំរុំជនភៀសខ្លួនប៉ាឡេស្ទីន Nour Shams ក្នុងទីក្រុងទុលកាំ (Tulkarm) ភាគខាងជើងតំបន់ វេស ប៊ែង។

ក្រសួងសុខាភិបាលប៉ាឡេស្ទីន (Palestinian Health Ministry) ដែលមានមូលដ្ឋាននៅទីក្រុង រ៉ាម៉ាឡាហ៍ (Ramallah) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយថា ជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ និង ៥នាក់ផ្សេងទៀតបានរងរបួស រួមទាំង២នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បានមកដល់មន្ទីរពេទ្យ Tulkarm Governmental Hospital ក្នុងទីក្រុងទុលកាំ ក្នុងតំបន់ វេស ប៊ែង ជាលទ្ធផលនៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើជំរុំជនភៀសខ្លួនប៉ាឡេស្ទីន Nour Shams។

ប្រភពសន្តិសុខប៉ាឡេស្ទីនជាច្រើនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបស់ប្រទេសចិនថា ដ្រូនរបស់អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើផ្ទះមួយខ្នងនៅក្នុងសង្កាត់ Al-Manshiya ក្នុងជំរុំជាមួយនឹងមីស៊ីលចំនួន៣គ្រាប់។

យោងតាមប្រភពជាច្រើនបានឱ្យដឹងថា ផ្ទះដែលជាគោលដៅនៃការវាយប្រហាររបស់របស់អ៊ីស្រាអែល គឺជាកម្មសិទ្ធិរបស់ឪពុកមារបស់ លោក Mohammed Jaber មេបញ្ជាការក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធប៉ាឡេស្ទីន Tulkarm Brigade របស់ក្រុម ក្រុមអ៊ីស្លាមប៉ាឡេស្ទីនជីហាដ (PIJ) ដែលត្រូវបានកងទ័ពអ៊ីស្រាអែលចង់បាន។

មិន​មាន​ការ​អត្ថាធិប្បាយណាមួយ​ភ្លាមៗ​នោះ​ទេពី​កងទ័ព​អ៊ីស្រាអែលចំពោះការ​វាយប្រហារនេះ​។

ជនជាតិប៉ាឡេស្ទីនជាង៥០០នាក់ ត្រូវបានសម្លាប់ដោយការបាញ់របស់អ៊ីស្រាអែលនៅទូទាំងតំបន់ វេស ប៊ែង និង ទីក្រុងហ្សេរុយសាឡឹម ខាងកើត (East Jerusalem) ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន៕

អត្ថបទពាក់ព័ន្ធ

Back to top button