ព័ត៌មានជាតិ

ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងជំនាញអាវុធហត្ថឃាត់ខ្លួនក្នុងករណីចោរកម្ម

កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថឃាត់ខ្លួនបាន ក្រោយពេលធ្វើសកម្មភាពលួចដោះយកគ្រឿងអេស្ការវ៉ាទ័រ ដឹកតាមម៉ូតូសណ្តោងរ៉ឺម៉ក បម្រុងយកទៅលក់កន្លែងទិញអេតចាល ដែលមានទីតាំងស្ថិតនៅ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពេលទទួលបានព័ត៌មានពីម្ចាស់គ្រឿងចក្រពីករណីខាងលើនេះ កម្លាំងជំនាញអាវុធហត្ថ បានចុះធ្វើប្រតិបត្តការ និង បានឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ ទី១. ឈ្មោះ ផល វិចិត្រ អាយុ៣៥ឆ្នាំ ទី២. ឈ្មោះ ឈីវ ភិរ័ត្ន អាយុ៣៥ឆ្នាំ និង ទី៣. ឈ្មោះ ថន ស៊ីវហេង អាយុ១៧ឆ្នាំ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ម៉ូតូសណ្តោងរ៉ឺម៉កចំនួន១គ្រឿង, អាគុយចំនួន២គ្រាប់ កម្លាំង១៥០អំពែ, ស្នប់បាញ់ខ្លាញ់គោចំនួន១, ច្រវាក់ចំនួន១ខ្សែ, កន្ត្រៃកាត់ដែកចំនួន២, ធ្មេញអេស្ការទ័រចំនួន៤គ្រាប់, ទុយោអេស្ការទ័រចំនួន១ខ្សែ និង សម្ភារៈមួយចំនួនទៀត។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើនេះមានប្រវត្តិប្រព្រឹត្តអំពើចោរកម្មជាច្រើន។ សមត្ថកិច្ចបានឱ្យដឹងបន្ថែមទៀតថា ក្រុមនេះដើរជួបអ្វី លួចហ្នឹង ឲ្យតែលក់បានលុយ គឺលួចទាំងអស់។

ជនសង្ស័យទាំង៣នាក់ខាងលើនេះ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពាក់ព័ន្ធ

Back to top button