កាលពីថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ ជនសង្ស័យម្នាក់ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ក្នុងករណីហិង្សាដោយចេតនា ដែលប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ នៅត្រង់ចំណុចក្រោយស្តង់៤២ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យខាងលើនេះ ឈ្មោះ ជា ជាក់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ដែលមានទីលំនៅបច្ចុប្បន្ននៅ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកាប់ដោយប្រើពូថៅ ទៅលើឈ្មោះ សារឿន សែន ភេទប្រុស អាយុ៣៤ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ ដោយសារតែគំនុំកាលពី២ខែមុន។
លុះដល់ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងឃាត់ខ្លួនបាន។
បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕